(ប៉េកាំង)៖ អនុលោមតាមបទបញ្ជាខុសទំនងបំផុតរបស់ប្រធានាធិបតីអាមេរិក កាលពីខែឧសភា ដែលតម្រូវឱ្យស្ថាប័នស៊ើបការណ៍ ធ្វើការស៊ើបអង្កេតរកប្រភពដើម នៃវីរុសកូវីដ១៩ ស្ថាប័នពាក់ព័ន្ធជាច្រើនរបស់អាមេរិក ដូចជាប្រព័ន្ធសារព័ត៌មាន អ្នកនយោបាយ និងស្ថាប័នស៊ើបការណ៍បាននិងកំពុងពន្លឿនការប្រឌិតរឿង ប្រលោមលោកនិងបំភាន់ភ្នែកសាធារណៈជន ដើម្បីលេងល្បែងទម្លាក់កំហុសទៅលើប្រទេសចិនយ៉ាងគឃ្លើន។

នៅថ្ងៃទី៥ ខែសីហា តាមម៉ោងក្នុងតំបន់ ប្រព័ន្ធសារព័ត៌មានអាមេរិក CNN បានចេញផ្សាយអ្វីដែលហៅថា ព័ត៌មានផ្តាច់មុខដោយអះអាងថា ក្នុងការស៊ើបអង្កេត ស្ថាប័នស៊ើបការណ៍អាមេរិកបានរកឃើញ «រតនាគារ» នៃទិន្នន័យហ្សែន ក្នុងនោះក៏បូករួមទាំងទិន្នន័យហ្សែនរបស់វិទ្យាស្ថានសិក្សាស្រាវជ្រាវវីរុសក្រុងវូហានផងដែរ ល្គឹកណាដែលអាចដោះលេខកូដសម្ងាត់នៃទិន្នន័យនេះ នោះវានឹងក្លាយជាគន្លឹះសម្រាប់លាតត្រដាងនូវប្រភពដើមនៃវីរុសកូវីដ១៩។

វាច្បាស់ណាស់ថា អត្ថបទរបស់ប្រព័ន្ធសារព័ត៌មានអាមេរិក CNN នេះមានគោលបំណងចង់ធ្វើឱ្យមជ្ឈដ្ឋានមតិផ្តោតសំខាន់ទៅលើវិទ្យស្ថានសិក្សាស្រាវជ្រាវ វីរុសក្រុងវូហាន និងទម្លាក់កំហុសទៅលើប្រទេសចិនជាថ្មីឡើងវិញ។ ហើយទង្វើបែបនេះគឺជាកលល្បិចចាស់ៗ របស់ប្រព័ន្ធសារព័ត៌មានអាមេរិកនិងលោកខាងលិច មួយចំនួនដើម្បីមួលបង្កាច់ប្រទេសចិនហ្នឹងឯង។ ឧទាហរណ៍ដូចជា កាសែត « The Wall Street» បានចុះផ្សាយអត្ថបទមុនគេបង្អស់នៅខែឧសភា ក្នុងសភាពការណ៍ ដែលគ្មានភស្តុតាងអ្វីទាល់តែសោះ ក៏បានប្រឌិតរឿងរ៉ាវថា បុគ្គលិកបីនាក់នៃវិទ្យស្ថានសិក្សាស្រាវជ្រាវវីរុសក្រុងវូហានបានកើតមានជំងឺនៅខែវិច្ឆកា ឆ្នាំ២០១៩។ នៅចន្លោះពេលដែលអង្គការសុខភាពពិភពលោកប្រកាសពីផែនការ ស្តីពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ដំណាក់កាលទីពីរសម្រាប់ឱ្យរដ្ឋសមាជិកធ្វើការពិគ្រោះពិភាក្សា ប្រព័ន្ធសារព័ត៌មានអាមេរិកនិងលោកខាងលិច ដូចជាកាសែត «The Wall Street» ជាដើម បានបំផុសការវាយប្រហារនិងលាបព័ណ៌ជុំថ្មី មួយទៀតទៅលើវិទ្យស្ថានសិក្សាស្រាវជ្រាវវីរុសក្រុងវូហាន ដែលបានពង្រីកមុខងាររបស់ឧបករណ៍នយោបាយក្នុងកម្រិតអតិបរមា។

ក្រៅពីស្ថាប័នស៊ើបការណ៍ និងប្រព័ន្ធសារព័ត៌មានជាដើម អ្នកនយោបាយមួយចំនួនរបស់អាមេរិក ក៏បានប្រញាប់ប្រញាល់ចេញមុខសម្តែងឆាកល្ខោនផងដែរ។ នៅថ្ងៃទី២ ខែសីហា លោក Michael McCaul សមាជិកសភាតំណាងរាស្រ្តអាមេរិកបានចេញផ្សាយអ្វីដែលហៅថា របាយការណ៍ច្បាប់ថ្មីបំផុតស្តីពីការតាមដាន រកប្រភពដើមនៃវីរុសកូវីដ១៩ របាយការណ៍ដែលមានខ្លឹមសារជាង៨០សន្លឹកនេះ បានឃោសនាបំប៉ោងយ៉ាងខ្លាំងពីអ្វីដែលហៅថា «ពាក្យសំដីស្តីពីការធ្លាយវីរុស ចេញពីបន្ទប់ពិសោធន៍ក្រុងវូហាន»

ទាក់ទិននឹងរឿងនេះ លោក Gennady Onishchenko បណ្ឌិតសភាចារ្យនៃបណ្ឌិតសភាវិទ្យាសាស្ត្រនិងជាសមាជិកសភាឌូម៉ាជាតិរុស្ស៊ីបានវិភាគថារបាយការណ៍ របស់អាមេរិកស្តីពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ច្បាប់នេះ គ្មានទិន្នន័យដើមនិងគ្មានសុពលភាពផ្លូវច្បាប់នោះទេ គ្រាន់តែជារឿងប្រលោមលោក ស្រមើស្រមៃតែប៉ុណ្ណោះ។

ការញាក់ខ្សែបញ្ជាពីក្រោយមជ្ឈដ្ឋានមតិ និងបំភាន់ភ្នែកសាធារណៈជន ក្នុងន័យក្រាលផ្លូវសម្រាប់ឱ្យស្ថាប័នស៊ើបការណ៍ទម្លាក់កំហុសទៅឱ្យប្រទេសចិន ស្ថាប័ន គ្រប់មជ្ឈដ្ឋានរបស់អាមេរិកបាននិងកំពុងបង្ករឿងដើម្បីគោលដៅមួយនេះ។ មើលទៅ «ប្រទេសមហាអំណាចផុតលេខបំផុតដែលទទួលបរាជ័យក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺឆ្លង» មិនបានដកយកបទពិសោធន៍ជាមេរៀននោះទេ ហើយនៅតែខំប្រឹងអស់ពីលទ្ធភាពដើម្បីលេងល្បែងនយោបាយដដែលដោយមិនអើពើរ នឹងការរីករាលដាលនៃជំងឺឆ្លង មិនអើពើនឹងការមិនពេញចិត្តនិងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋទាល់តែសោះ!

ការប្រឌិតរឿងប្រលោមលោកមិនអាចជួយស្រោចស្រង់ប្រទេសអាមេរិកនោះទេ ហើយក៏មិនអាចជួយស្រោចស្រង់ពិភពលោកផងដែរ។ មានតែគោរពវិទ្យាសាស្ត្រ និងសាមគ្គីគ្នាធ្វើកិច្ចសហប្រតិបតិ្តការជាមួយគ្នា មនុស្សជាតិទើបអាចយកឈ្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដែលពាក់ព័ន្ធដល់ជោគវាសនារបស់ខ្លួនលើកនេះ។ សូមដាស់តឿនមនុស្សមួយចំនួនតូចរបស់អាមេរិកភ្ញាក់រលឹកក្នុងពេលឆាប់ៗ៕