(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៩,៦៩០ករណីបន្ថែមទៀត ដែលនៅតែជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមួយ សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ០៦ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ៣,៨៩៨នាក់។

នៅក្នុងថ្ងៃអាទិត្យនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៣៨១នាក់ទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២១០,៤០៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៧១,៤៩៧នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៣,៣៩៧នាក់៕