(បានដាស៊េរីបេហ្កាវ៉ាន់)៖ ប្រមុខការទូតព្រុយណេ ដែលត្រូវបានតែងតាំងជាប្រសិតពិសេសរបស់អាស៊ាន ដើម្បីទទួលបន្ទុកដោះស្រាយ បញ្ហាមីយ៉ាន់ម៉ា បានលើកឡើងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះថា រូបលោកគួរទទួលបានសេរីភាពពេញលេញ ក្នុងការជួបគ្រប់ភាគីទាំង អស់ ពេលលោកធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដែលបាននិងកំពុងជួបភាពវឹកវរ ក្រោយយោធាទម្លាក់រដ្ឋាភិបាលស៉ីវិល របស់លោកស្រី អោង សាន ស៊ូ ជី កាលពីកន្លះឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១។

រដ្ឋមន្រ្តីការបរទេសព្រុយណេ លោក អេរីវ៉ាន យូសូហ្វ (Erywan Yusof) បានថ្លែងដូចខាងលើ នៅមួយថ្ងៃ ក្រោយការតែងតែជាប្រសិត ពិសេសដោយអាស៊ាន។ លោក អេរីវ៉ាន នឹងមានភារកិច្ចគ្រប់គ្រងលើការផ្តល់ជំនួយមនុស្សធម៌ បញ្ចប់អំពើហិង្សា ហើយបើកកិច្ចសន្ទនា រវាងមេដឹកនាំយោធា ហើយនិងក្រុមប្រឆាំង ដែលបានធ្វើបាតុកម្មតវ៉ាជាច្រើនខែមកនេះ និងរងទទួលការបង្រ្កាបយ៉ាងចាស់ដៃ។

លោកបេសកជនពិសេសអាស៊ាន បាននិយាយថា លោកនឹងព្យាយាមស្វែងរកកិច្ចពិភាក្សាដែលច្បាស់លាស់មួយ ជាពិសេសទាក់ទងនឹង ការបញ្ឈប់អំពើហិង្សា ព្រមទាំងកិច្ចសន្ទនា និងការសម្រុះសម្រួល កំលុងការធ្វើទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ា ហើយលោកបានសង្កត់ធ្ងន់ ពីសារសំខាន់ ក្នុងការផ្តល់ឲ្យលោកនូវសេរីភាពពេញលេញ ដើម្បីជួបគ្រប់ភាគីទាំងអស់។

គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ និងប្រទេសជាច្រើនទៀត បានទទូចដល់អាស៊ាន ដែលមានសមាជិក១០ប្រទេស ក្នុងនោះរួមមានទាំង មីយ៉ាន់ម៉ាផងដែរ ឲ្យព្យាយាមដឹកនាំកិច្ចប្រឹងប្រែងផ្នែកការទូត ដើម្បីស្តារស្ថិរភាពឡើងវិញនៅមីយ៉ាន់ម៉ា៕