(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ឯកអគ្គរាជទូតអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ លោកស្រី Barbara Woodward បាននិយាយថាប្រទេសរបស់លោកស្រីបានធ្វើបទបង្ហាញខ្លីដល់ ក្រុមប្រឹក្សាសន្តិសុខ នូវភស្តុតាងដែលអាចបញ្ជាក់បានថាអ៉ីរ៉ង់គឺជាអ្នកនៅពីក្រោយការវាយប្រហារលើកប៉ាល់ដឹកប្រេងមួយគ្រឿងនៅឯឈូងសមុទ្រអូម៉ង់ កាលពីសប្ដាហ៍មុន។

២៖ មន្ត្រីសុខាភិបាលម៉ិកស៉ីកូបាននិយាយថា វីរុសបំប្លែងថ្មី Delta ត្រូវបានរកឃើញប្រមាណជា ៩០ភាគរយនៃករណីឆ្លងជំងឺ COVID-19 ថ្មីៗ នៅក្នុងរដ្ឋធានី ម៉ិកស៉ីកូ ស៉ីធី (Mexico City)។

៣៖ ភ្លើងឆេះព្រៃឈ្មោះ Dixie Fire ដែលកំពុងឆាបឆេះក្នុងរដ្ឋកាលីហ្វ័រញ៉ា បានក្លាយជាភ្លើងឆេះព្រៃធំជាងគេបំផុត នៅក្នុងសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២១នេះ។

៤៖ របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថាកូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍកម្មវិធីនុយក្លអ៊ែរ និងមីស៊ីលបាលិស្ទីគរបស់ខ្លួន នៅអំឡុងឆមាសទី១ ឆ្នាំ២០២១នេះ ដែលជាទង្វើរំលោភបំពានលើទណ្ឌកម្មអន្តរជាតិ និងបើទោះជាសេដ្ឋកិច្ចជាតិកំពុងធ្លាក់ចុះដុនដាបក៏ដោយ។

៥៖ ប្រទេសចិនបានអំពាវនាវសាជាថ្មីឱ្យសហគមន៍អន្តរជាតិដកទណ្ឌកម្មសេដ្ឋកិច្ចពីកូរ៉េខាងជើង ដោយសំអាងលើវិបត្តិស្បៀងអាហារ ហើយបានឆ្លៀត ចោទប្រកាន់សហរដ្ឋអាមេរិកថាជាអ្នកបង្កភាពតានតឹងនៅក្នុងតំបន់ តាមរយៈគម្រោងធ្វើសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង។

៦៖ រដ្ឋាភិបាលអង់គ្លេសបានផ្ដល់យោបល់ឱ្យពលរដ្ឋអង់គ្លេសទាំងអស់កំពុងរស់នៅ ឬស្នាក់នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ចាកចេញពីប្រទេសមួយនេះ ជាបន្ទាន់ ដោយសារបារម្ភពីសន្តិសុខ ខណៈកងកម្លាំងរដ្ឋាភិបាល និងក្រុមតាលីបង់កាន់តែបង្កើនការវាយប្រហារដាក់គ្នាទៅវិញទៅមក៕