(វ៉ាស៊ីនតោន)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ១៩,២៥៧នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើតាមអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី ក្នុងចំណោមករណីឆ្លងថ្មីខាងលើ មានតែ១៦ករណីប៉ុណ្ណោះ ជាករណីនាំចូល និង១៩,២៤១នាក់ ជាករណីឆ្លងនៅក្នុង ស្រុក។ លើសពីនេះទៅទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា អ្នកជំងឺ COVID-19 ២១០នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាបានស្លាប់ផងដែរ និង ១៦,៣២៣នាក់បានជាសះស្បើយ។

គួរបញ្ជាក់ថា បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសម៉ាឡេស៊ីកើនដល់ ១,២៤៣,៨៥២នាក់ ក្នុងនោះស្លាប់ ១០,៣៨៩នាក់ និងជាសះស្បើយឡើងវិញ ១,០០៩,៣៤៣នាក់៕