(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសៅរ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៧,៣៣៤ករណីបន្ថែមទៀត ដែលនៅតែជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់ដដែល សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ០១ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ៣,៩៣០នាក់។

ចំណែកចំនួនអ្នកស្លាប់ថ្មីនៅថ្ងៃនេះ ក្រសួងសុខាភិបាលវៀតណាមមិនបានប្រកាសដឹងទេ ដោយរងចាំប្រកាសសរុបនៅថ្ងៃស្អែក។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២០០,៧១៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៦៦,៦៣៧នាក់ ខណៈចំនួនអ្នកស្លាប់គឺនៅត្រឹម ៣,០១៦នាក់ដដែល៕