(ប៉េកាំង)៖ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកដែលតែងតែអះអាងថា «ឈរជាមួយនឹងអ្នកក្រុងហុងកុង» បាននិយាយ “ប្រយោគល្បីឈ្មោះ” របស់ខ្លួនម្តងទៀត។ កាលពីថ្ងៃទី៥ខែសីហាតាមម៉ោងក្នុងតំបន់ លោកបានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមថា តាមបទបញ្ជារបស់លោកប្រធានាធិបតីអាមេរិកស្តីពី «ការពន្យារពេលបង្ខំឱ្យចាកចេញពីដែន» សហរដ្ឋអាមេរិកនឹងផ្តល់ «ទីជម្រកដ៏មានសុវត្ថិភាព» ដល់ «មនុស្សដែលខ្លាចវិលត្រឡប់ទៅតំបន់ហុងកុងវិញ» ទាំងនោះ។ តើអ្នកនយោបាយមួយចំនួនរបស់អាមេរិកគិតចង់ធ្វើអ្វី? ចម្លើយគឺច្បាស់លាស់ណាស់។

ចាប់តាំងពីបានអនុវត្តច្បាប់សន្តិសុខជាតិនៅតំបន់ហុងកុង អស់រយៈពេលជាងមួយឆ្នាំមក តំបន់ហុងកុងបានវិលត្រឡប់ទៅរកផ្លូវអភិវឌ្ឍន៍ និងវិបុលភាពជាថ្មីឡើងវិញ។ ប៉ុន្តែមនុស្សមួយចំនួនរបស់ភាគីអាមេរិក មិនសុខចិត្តទទួលបរាជ័យនោះទេ ដោយបានបង្ករឿងហេតុឥតឈប់ឈរ។ ពីការប្រកាសអ្វីដែលហៅថា ការព្រមានផ្នែកពាណិជ្ជកម្មពាក់ព័ន្ធនឹងតំបន់ហុងកុង ដល់ការឃោសនាបំប៉ោងពីការដាក់ទណ្ឌទៅលើមន្ត្រីភាគីចិនច្រើនរូប រហូតដល់ការប្រកាសបទបញ្ជាស្តីពីការពន្យារពេលធ្វើមាតុភូមិនិវត្តន៍ អ្នកក្រុងហុងកុងមួយចំនួនរយៈពេល ១៨ខែលើកនេះ ទង្វើរបស់ភាគីអាមេរិកគ្រាន់តែចង់ផ្តល់ការគាំទ្រ ដល់ជនប្រឆាំងរដ្ឋាភិបាលមជ្ឈិមចិន និងបង្កភាពចលាចលនៅហុងកុងប៉ុណ្ណោះ ប៉ុនប៉ងបន្តបំផ្លាញតំបន់ហុងកុងតាមរបៀបបែបនេះ ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ចិន។

អ្នកនយោបាយអាមេរិកតែងតែឃោសនាបំប៉ោងពីការគាំពារ “សិទ្ធិមនុស្ស” និង “សេរីភាព” របស់ហុងកុង ហើយអះអាងថា “ឈរជាមួយអ្នកក្រុងហុងកុងយ៉ាងម៉ឺងម៉ាត់” ពាក្យស្លោកស្តាប់ទៅ “ពិរោះណាស់” តែតាមការពិតបែរជាបាន “បង្ករឿងហេតុ” ដោយសម្ងាត់។ ពីការរិះគន់តាមទំនើងចិត្តចំពោះ សេចក្តីព្រាងនៃលក្ខន្តិកៈស្តីពីការធ្វើឱ្យ ប្រព័ន្ធបោះឆ្នោតមានសុក្រឹតភាពឆ្នាំ២០២១ និងច្បាប់សន្តិសុខជាតិនៅហុងកុង ដល់ការមួលបង្កាច់ថា ភាគីចិនគាបសង្កត់សេរីភាពសារព័ត៌មាន រហូតដល់ការពន្យារពេលអ្វីដែលហៅថា “ភាពអាសន្នជាតិដែលសំដៅចំពោះស្ថានការណ៍តំបន់ហុងកុង សម្លឹងមើលទៅកាន់ពិភពលោក នៅតំបន់ដែលអ្នកនយោបាយអាមេរិកអះអាងថា “ឈរជាមួយគ្នា” នោះបានកើតមានសោកនាដកម្ម ដែលមានភាពច្របូកច្របល់ក្នុងសង្គម និងប្រជាជនរស់នៅប្រកបដោយទុក្ខវេទនាម្តងហើយម្តងទៀត ។

ប៉ុន្តែតើភាគីអាមេរិកពិតជាអាចផ្តល់ «ទីជម្រកដ៏មានសុវត្ថិភាព» ដល់ជនប្រឆាំងរដ្ឋាភិបាលមជ្ឈិមចិន និងបង្កភាពចលាចលនៅហុងកុងទេ? ក្នុងនាមជាប្រទេសដែលមានករណីឆ្លងជំងឺកូវីដ១៩ និងករណីស្លាប់ដោយសារឆ្លងជំងឺកូវីដ១៩ ច្រើនបំផុតលើទូទាំងពិភពលោក ពេលថ្មីៗកន្លងទៅនេះ ករណីឆ្លងជំងឺកូវីដ១៩ ករណីស្លាប់ និងករណីចូលសម្រាកនៅមន្ទីរពេទ្យដោយសារជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិកបានកើនឡើងវិញយ៉ាងខ្លាំង។ ព្រមពេលជាមួយគ្នានេះ ឧក្រិដ្ឋកម្មហិង្សានៅតំបន់ជាច្រើនរបស់សហរដ្ឋអាមេរិក ក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ រដ្ឋញូវយ៉ករហូតដល់បានប្រកាសដាក់ចូលភាពអាសន្ន។ តាមស្ថិតិនៃវេបសាយឯកសារអំពើហិង្សា ដោយប្រើកាំភ្លើងរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា គិតមកទល់ថ្ងៃទី១៩ខែកក្កដាឆ្នាំនេះ មនុស្សស្លាប់ដោយសារអំពើហិង្សាដោយប្រើកាំភ្លើង នៅសហរដ្ឋអាមេរិកមានចំនួន ១១១០៥នាក់។ ស្នាក់នៅក្នុង “ទីជម្រកដ៏មានសុវត្ថិភាព” បែបនេះ មិនដឹងថា តើមនុស្សដែលខ្លាចវិលត្រឡប់ទៅតំបន់ហុងកុងវិញ” ទាំងនោះនឹងមានអារម្មណ៍សុវត្ថិភាពទេ?

ស្ថានភាពទូទៅនៃតំបន់ហុងកុង បានកំណត់រួចរាល់ហើយ។ អ្នកក្រុងហុងកុងឯកភាពគ្នាជាទូទៅថា ច្បាប់សន្តិសុខជាតិនៅហុងកុងជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់គាំពារផលប្រយោជន៍របស់ហុងកុង និងសុខសុភមង្គលរបស់អ្នកក្រុងហុងកុង ហើយយល់ឃើញថា ច្បាប់នេះបានធានាឱ្យបានកាន់តែល្អនូវសិទ្ធិ និងសេរីភាពស្របច្បាប់របស់អ្នកក្រុងហុងកុង និងជនបរទេសនៅតំបន់ហុងកុង។
ប្រឈមនឹងក្តីបំណងរបស់ប្រជាជនហុងកុងបែបនេះ មិនថាអ្នកនយោបាយមួយចំនួនរបស់ភាគីអាមេរិក បានបង្ករឿងហេតុយ៉ាងណាក៏ដោយ ក៏សុទ្ធតែជាទង្វើឥតប្រយោជន៍ផងដែរ។ ផ្ទុយទៅវិញ ពួកគេបានឃោសនាបំប៉ោងនូវ “ប្រយោគល្បីឈ្មោះ” ដែលថា “ឈរជាមួយអ្នកក្រុងហុងកុងឱ្យបានកាន់តែច្រើន” ក៏កាន់តែនាំឱ្យអ្នកផងទាំងពួងឃើញច្បាស់នូវការប៉ុនប៉ង បង្កភាពចលាចលនៅហុងកុង នៅពីក្រោយមុខមាត់លាក់ពុតរបស់ពួកគេ។ អ្នកនយោបាយមួយចំនួនរបស់ភាគីអាមេរិក គួរតែធ្វើអ្វីដែលខ្លួនត្រូវធ្វើឱ្យបានល្អ ដើម្បីផ្តល់ “ទីជម្រកដ៏មានសុវត្ថិភាព” ដល់ប្រជាជនប្រទេសខ្លួន ដែលទទួលរងទុក្ខវេទនាពីជំងឺកូវីដ១៩ និងបញ្ហាសង្គមគ្រប់បែបយ៉ាង៕ (#CCFR Comment#)