(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ឆុង អ៊ុយ យ៉ុង (Chung Eui-yong) បានអំពាវនាវសាជាថ្មីឱ្យកូរ៉េខាងជើង វិលត្រឡប់មករកកិច្ចសន្ទនាវិញ ខណៈទីក្រុងសេអ៊ូលកំពុងព្យាយាម បន្តកិច្ចចរចានុយក្លេអ៊ែរជាមួយទីក្រុងព្យុងយ៉ាង បន្ទាប់ពីបានស្តារឡើងវិញនូវបណ្តាញខ្សែទូរស័ព្ទរវាងកូរ៉េទាំងពីរ កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Yonhap នៅល្ងាចថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១។

លោក Chung បានធ្វើការអំពាវនាវដូចខាងលើនេះ នៅក្នុងវេទិកាថ្នាក់តំបន់អាស៊ាន (ARF) កាលពីថ្ងៃសុក្រ និងជាវេទិកាពហុភាគីដ៏កម្រមួយ ដែលបានលើកឡើងនូវបញ្ហាពាក់ព័ន្ធនឹងកូរ៉េខាងជើង។ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំប្រទេសឥណ្ឌូណេស៊ី លោក អាន ក្វាងអ៊ីល (An Kwang-il) ក៏បានចូលរួមវេទិកានេះផងដែរ ជំនួសមុខឲ្យរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក រី សុនក្វុន (Ri Son-gwon) ដូចកាលពីឆ្នាំមុនដែរ។

ក្រសួងការបរទេសកូរ៉េខាងត្បូងបានគូសបញ្ជាក់ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដោយឡើងនូវសម្តីលោក Chung ថា «ផ្អែកលើកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំកូរ៉េខាងត្បូង កូរ៉េខាងជើង និងសហរដ្ឋអាមេរិក រដ្ឋាភិបាលកូរ៉េខាងត្បូងបានខិតខំប្រឹងប្រែង ដើម្បីបន្តកិច្ចសន្ទនានេះឡើងវិញ»។ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងរូបនេះបានចាត់ទុកថា ការភ្ជាប់ទំនាក់ទំនងតាមព្រំដែនឡើងវិញ រវាងប្រទេសកូរ៉េទាំងពីរ គឺជាដំណើរការដ៏វិជ្ជមាន ដើម្បីឆ្ពោះទៅរកកិច្ចសន្ទនាឡើងវិញទៅថ្ងៃមុខ៕