(ប៉េកាំង)៖ រូបភាពជាច្រើនសន្លឹកស្តីអំពីការត្រៀមលក្ខណៈ ធ្វើសមយុទ្ធយោធារួមគ្នាដ៏កក្រើកប្រចាំឆ្នាំ រវាងកងទ័ពចិន និងរុស្ស៊ីត្រូវបានបញ្ចេញមកហើយ ដោយមានការចូលរួមពីកងរថពាសដែក រថក្រោះ ឧទ្ធម្ភាគចក្រ យន្តហោះយោធា កាំភ្លើងធំ និងក្រុមពេទ្យយោធាជាដើម។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១។

បើតាមភាគីចិនបានឲ្យដឹងថា សមយុទ្ធយោធាជាមួយរុស្ស៊ី នឹងប្រព្រឹត្តទៅជាផ្លូវការ ចាប់ពីថ្ងៃទី ៩-១៣ ខែសីហា នៅក្នុងទីលានហ្វឹកហ្វឺនរបស់កងទ័ពរំដោះប្រជាជនចិន ស្ថិតក្នុងតំបន់ស្វយ័ត នីងសៀ ហ៊ុយ (Ningxia Hui) ភាគពាយព្យនៃប្រទេសចិន។ សម្រាប់រយៈពេលពីរទៅបីថ្ងៃកន្លងមកនេះ យោធាចិន និងរុស្ស៊ី បានចូលរួមហ្វឹកហាត់កម្តៅសាច់ដុំជាមុន មុននឹងសមយុទ្ធយោធាផ្លូវការចាប់ផ្តើមឡើង។

បើតាមការបញ្ជាក់ពីយោធាចិន និងរុស្ស៊ី សមយុទ្ធដែលត្រូវបានព្រមព្រៀងបង្កើតឡើង ដោយប្រទេសមហាអំណាចយោធាទាំងពីរនេះ គឺស្ថិតនៅក្នុងគោលដៅចូលរួមការពារ សន្តិសុខ និងស្ថិរភាពរបស់តំបន់ទាំងមូល តាមរយៈការហ្វឹកហ្វឺនជំនាញគន្លឹះ, ការព្រមានទុកជាមុន, ការទប់ទល់ការវាយប្រហារផ្នែកព័ត៌មានវិទ្យា និងសមត្ថភាពនៃការប្រយុទ្ធផងដែរ។ ខាងក្រោមនេះគឺជាកម្រងរូបភាព ដែលបង្ហាញអំពីការត្រៀមលក្ខណៈរបស់កងទ័ពចិន និងរុស្ស៊ីមុនការធ្វើសមយុទ្ធផ្លូវការចាប់ផ្តើម៖