(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៣០,៧០៦នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៧៥០នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៦,៤៤៧,១២៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៣២,៦៤១នាក់ និងជាសះស្បើយឡើងសរុប ២៩.៨៣លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញ កំពុងជួបប្រទះការកើនឡើងករណីឆ្លង COVID-19 ឡើងវិញយ៉ាងគំហុក ហើយបើទោះបីជាអ្នកដែលបានចាក់វ៉ាក់សាំងរួច ក៏អាចឆ្លងជំងឺនេះដែរ។ សម្រាប់អត្រាឆ្លងនាប៉ុន្មានថ្ងៃចុងក្រោយនេះ គឺលើស ១០០,០០០នាក់ក្នុងមួយថ្ងៃ ដែលជាតួលេខខ្ពស់មិនធ្លាប់មាននោះឡើយ ក្នុងរយៈពេល ៦ខែមកនេះ ហើយអ្នកជំនាញក៏បានព្រមានទៀតថា នៅប៉ុន្មានសប្តាហ៍ទៀត សហរដ្ឋអាមេរិកនឹងមើលឃើញអត្រាឆ្លង COVID-19 ប្រចាំថ្ងៃកើនដល់ខ្ទង់ ២០០,០០០នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ ប្រមាណ ៥០% នៃប្រជាជនសរុបនៅសហរដ្ឋអាមេរិក ឬស្មើនឹង ១៦៦លាននាក់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (ចំនួន ០២ដូស) រួចរាល់ហើយ ខណៈជាង ១៩៣លាននាក់ទៀត ឬប្រហែល ៥៨.៤ភាគរយ បានទទួលការចាក់វ៉ាក់សាំង យ៉ាងហោចណាស់ ០១ដូស៕