(ប៉េកាំង)៖ ជំរាបសួរប្រិយមិត្ត ប្រយោគបុរាណចិនដែលកម្មវិធីពេលនេះ យកមកបកស្រាយ អានថា rén xīn suǒ guī wéi dào yǔ yì

人心所归 惟道与义

【人】rén មនុស្ស
【心】xīn ចិត្ត
【道】dào គុណធម៌
【义】yì សច្ចធម៌

ប្រយោគនេះដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្ត្រនៃរជ្ជកាល JIN 晋书 មានន័យថាប្រជាជនគាំទ្រតែគុណធម៌និងសច្ចធម៌។ កាលពីសម័យ Chunqiu (B.C.770-476) ស្តេចនគរ Qi យកព្រះទ័យទុកដាក់ខ្លាំងនឹងការអភិវឌ្ឍជាមួយសម្ព័ន្ធមិត្ត ដូច្នេះនគរទាំងអស់គាំទ្រឱ្យទ្រង់ធ្វើជាមេសម្ព័ន្ធ ប៉ុន្តែយូរៗទៅ ទ្រង់មាន ភាពក្រអឺតក្រទមនគរសម្ព័ន្ធមិត្តក៏ប្រឆាំងជាបណ្តើរៗ។

រឿងរ៉ាវក្នុងប្រវត្តិសាស្ត្រនេះ បានធ្វើឱ្យលោក XiongYuan ដែលជាមន្ត្រីនៅរជ្ជកាល JIN (A.D.317-420) ដែលគម្លាតប្រហែលមួយពាន់ឆ្នាំក្រោយពីសម័យ Chunqiu មានចំណាប់អារម្មណ៍យ៉ាងស៊ីជម្រៅ។ លោកបានសរសេរប្រយោគ 人心所归,惟道与义 ដើម្បីដាស់តឿនស្តេចរបស់ខ្លួនត្រូវយកព្រះទ័យ ទុកដាក់នឹងបំណងប្រាថ្នារបស់ប្រជាជនត្រូវពឹងលើកម្លាំងនៃគុណធម៌និងសច្ចធម៌ដើម្បីប្រមូលផ្តុំការគាំទ្ររបស់ប្រជាជន។

នៅសម័យបច្ចុប្បន្ន បំណងប្រាថ្នារបស់ប្រជាជន គឺជាការបង្ហាញនៃស្មារតីប្រទេសជាតិដែលរួមគ្នាពូនជ្រំដោយប្រជាជនគ្រប់ជនជាតិក្នុងប្រទេស និងបានជំរុញ យ៉ាងខ្លាំងដល់ការវិវឌ្ឍនរីកចម្រើនជានិរន្តរភាពរបស់ប្រទេសជាតិ។

«人心所归,惟道与义 / ប្រជាជនគាំទ្រតែគុណធម៌និងសច្ចធម៌» ពេលប្រឈមមុខនឹងការរាលដាលនៃជំងឺឆ្លង គុណធម៌គឺការគាំទ្រដោយវិទ្យាសាស្ត្រ ចំណែកសច្ចធម៌គឺការចូលរួមគាំទ្រវិធានការបង្ការការរីករាលដាល ពោលគឺរួមគ្នាទទួលខុសត្រូវចំពោះខ្លួនឯងនិងអ្នកនៅក្បែរខ្លួន។ ឱ្យតែយើងរួមចិត្តរួមថ្លើមប្រយុទ្ធ នឹងជំងឺឆ្លង យើងមុខជាអាចយកឈ្នះជាមិនខាន។

បើមើលពីក្របខ័ណ្ឌអន្តរជាតិវិញ ការថែរក្សាសន្តិសុខនិងសន្តិភាពអន្តរជាតិ គាំពារពហុភាគីនិយម ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម គឺជាបំណងទូទៅរបស់ ប្រជាជនទូទាំងពិភពលោក។ ដូចប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានលើកឡើងក្នុងកិច្ចប្រជុំកំពូលសុខភាពពិភពលោកអ៊ីចឹងថា៖ យើងជា ទឹករលកក្នុងមហាសមុទ្រតែមួយ គួរចាប់ដៃប្រកៀកស្មាគ្នាដើម្បីគាំពារអនាគតនៃមនុស្សជាតិដែលប្រកបដោយភាពសុខសាន្តនិងល្អបវរ!