(វ៉ាស៉ីនតោន)៖ ទិន្នន័យចុងក្រោយដែលត្រូវបានបញ្ចេញ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) ដោយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក នៅលើគេហទំព័ររបស់ខ្លួនបានបង្ហាញថា ពាក់កណ្តាលនៃចំនួនប្រជាជនសរុប ៣៣២លាននាក់ នៅសហរដ្ឋអាមេរិក បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ ឬចំនួន ០២ដូសរួចរាល់ហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១។

គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ ប្រមាណ ៥០% នៃប្រជាជនសរុបនៅសហរដ្ឋអាមេរិក ឬស្មើនឹង ១៦៦លាននាក់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (ចំនួន ០២ដូស) រួចរាល់ហើយ ខណៈជាង ១៩៣លាននាក់ទៀត ឬប្រហែល ៥៨.៤ភាគរយ បានទទួលការចាក់វ៉ាក់សាំង យ៉ាងហោចណាស់ ០១ដូស។ ទិន្នន័យនេះត្រូវបានបញ្ចេញ ចំពេលមានការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 នៅផ្នែកខ្លះនៃសហរដ្ឋអាមេរិក ដែលបាននិងកំពុងបង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មី Delta។

ជុំវិញបញ្ហានេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានថ្លែងនៅឯសេតវិមាន ក្នុងថ្ងៃសុក្រសប្ដាហ៍នេះថា «អាមេរិកប្រាកដជាអាចយកឈ្នះលើវីរុស COVID-19 បំប្លែងខ្លួនថ្មី Delta ដូចដែលយើងបានយកឈ្នះលើវីរុស COVID-19 ទម្រង់ដើមដែរ ព្រោះវីរុសនេះ ភាគច្រើនគឺឆ្លងរីករាលតែក្នុងចំណោមអ្នក ដែលមិនទាន់ទទួលការចាក់វ៉ាក់សាំងតែប៉ុណ្ណោះ»។

លោក ចូ បៃដិន បាននិយាយបន្ថែមថា «យើងអាចធ្វើបាន ដូច្នេះត្រូវចូលរួមពាក់ម៉ាសទាំងអស់គ្នា ហើយនៅពេលដែលត្រូវបានណែនាំ ឱ្យទៅទទួលការចាក់វ៉ាក់សាំង សូមទៅទទួលការចាក់នៅថ្ងៃនេះ... អ្វីៗទាំងអស់នេះនឹងជួយសង្គ្រោះជីវិតយើង ហើយវាមានន័យថា យើងនឹងមិនមានការខូចខាតផ្នែកសេដ្ឋកិច្ច ដូចយើងធ្លាប់បានឃើញ ក្នុងកំលុងពេលជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ទើបតែចាប់ផ្តើមដំបូងៗនោះទេ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដំបូងបង្អស់នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ៕