(ញូយ៉ក)៖ ឯកអគ្គរាជទូតអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ លោកស្រី Barbara Woodward បាននិយាយថាប្រទេសរបស់លោកស្រីបានធ្វើបទបង្ហាញខ្លីដល់ ក្រុមប្រឹក្សាសន្តិសុខ នូវភស្តុតាងដែលអាចបញ្ជាក់បានថាអ៉ីរ៉ង់គឺជាអ្នកនៅពីក្រោយការវាយប្រហារលើកប៉ាល់ដឹកប្រេងមួយគ្រឿងនៅឯឈូងសមុទ្រអូម៉ង់ កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១។

លោកស្រី Barbara Woodward បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រោយកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃសុក្រសប្ដាហ៍នេះ ដូច្នេះថា៖ «ភស្តុតាងបានបង្ហាញយ៉ាងច្បាស់។ ចក្រភពអង់គ្លេសជឿជាក់ថា អ៉ីរ៉ង់គឺជាអ្នកទទួលខុសត្រូវលើការវាយប្រហារនេះដែលធ្វើឡើងចេតនា និងមានគោលដៅ ច្បាស់លាស់»។ លោកស្រីបន្ថែមថាការអះអាងរបស់ចក្រភពអង់គ្លេស គឺផ្អែកទៅលើបំណែកកម្ទេចកម្ទីមួយចំនួនយកចេញពីកប៉ាល់ដឹកប្រេងឈ្មោះ MV Mercer Street ដោយប្រព័ន្ធដែលត្រូវបានគេប្រើដើម្បីវាយប្រហារកប៉ាល់ដឹកប្រេងនេះគឺជាប្រភេទយន្ដហោះដ្រូន Shahed-136 UAV ផលិតនៅក្នុងប្រទេសអ៉ីរ៉ង់ តែមួយគត់។

តែទោះជាយ៉ាងណាក៏ដោយ លោកស្រី Zahra Ershadi តំណាងបេសកកម្មទូតអ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានច្រានចោលរាល់ការចោទប្រកាន់ថាអ៉ីរ៉ង់ជា អ្នកនៅពីក្រោយការវាយប្រហារកប៉ាល់ដឹកប្រេង MV Mercer Street របស់ក្រុមហ៊ុនមួយរបស់អ៉ីស្រាអែលមានទីស្នាក់ការនៅក្នុងទីក្រុងឡុងដ៍ ដោយបញ្ជាក់យ៉ាងខ្លី ថាវាជារឿងមិនពិត និងគ្មានមូលដ្ឋានអ្វីទាំងអស់។

គួរបញ្ជាក់ថា កប៉ាល់ដឹកប្រេង MV Mercer Street បានរងការវាយប្រហារនៅក្នុងដំណើរផ្លូវចេញពីប្រទេសតង់ហ្សានី ឆ្ពោះទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម
កាលពីសប្ដាហ៍មុន ហើយនាវិកពីររូប ម្នាក់ជាជនជាតិរូម៉ានី និងម្នាក់ទៀតជាជនជាតិអង់គ្លេស បានស្លាប់នៅក្នុងការវាយប្រហារនេះ៕