(វ៉ាស៊ីនតោន)៖ ចាប់តាំងពីស្បថឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករា ដើមឆ្នាំ២០២១មក លោក ចូ បៃដិន នៅតែរក្សាបាននូវអាត្រាគាំទ្រខ្ពស់ ជាង៥០ភាគរយ ហើយសូម្បីតែអ្នករិះគន់មួយចំនួនពេលខ្លះ ក៏ពិបាកនឹងរិះគន់រូបលោកផងដែរ។ លោក បៃដិនបាននិងកំពុងដឹកនាំសហរដ្ឋអាមេរិកវិលត្រឡប់ទៅរក ភាពជាមេដឹកនាំដែលពិភពលោកជឿទុកចិត្ត ដោយលោកបានអនុវត្តតាមពាក្យសន្យាជាច្រើន ក្នុងនោះរួមមានទាំងការសា្ដរទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត, ការកម្ចាត់ COVID-19 ព្រមទាំងការចូលរួមក្នុងប្រព័ន្ធពហុភាគីនិយមសាជាថ្មី។

ទាំងការដោះស្រាយបញ្ហានៅក្រៅប្រទេស និងនៅក្នុងស្រុក បានបង្ហាញថាទោះជាលោក បៃដិននៅតែរក្សាគោលនយោបាយខ្លះៗរបស់លោក ត្រាំ ក៏ពិតមែន តែអ្វី ដែលគួរឱ្យកត់សម្គាល់ គឺថាលោក បៃដិនបានក្លាយជាគោលដៅដ៏ពិបាកយល់សម្រាប់អ្នករិះគន់រូបលោក។ តើមកពីហេតុអ្វីទៅ? បើតាមក្រុមអ្នកវិភាគ លោក បៃដិន មានភាពខុសប្លែកគ្នាពីលោក ត្រាំ នៅត្រង់ការអនុវត្តយុទ្ធសាស្ត្រ និងការរៀបចំផែនការ។ លោក បៃដិនបានបង្កើតក្រុមការងារមួយប្រកបដោយវិជ្ជាជីវៈនៅឯ សេតវិមាន ជាទីដែលលោក ត្រាំ ធ្លាប់តែធ្វើការសម្រេចចិត្តតាមតែអ្វីដែលលោកចង់បាន ហើយពេលខ្លះផែនការរបស់លោកទៀតសោតថែមទាំងត្រូវបានសមាជិក បក្សសាធារណរដ្ឋរបស់ខ្លួនឯងជំទាស់ទៀតផង។

* លោក ចូ បៃដិន, អ្នកធ្វើកំណែទម្រង់គំនិតចាស់គំរិល

រាប់ពីខែធ្នូ ឆ្នាំ២០១៨ និងមុនពេលលោកប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតី លោក ចូ បៃដិនអាចរក្សាបាននូវអាត្រាគាំទ្រពីប្រជាជនអាមេរិកផ្ទុយពី
លោក ដូណាល់ ត្រាំ ដែលមានប្រជាប្រិយភាពម្ដងធ្លាក់ចុះ ម្ដងឡើង ហើយបន្តធ្លាក់ចុះរហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០។

ចាប់តាំងពីឡើងស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករា ដើមឆ្នាំ២០២១មក លោក បៃដិនមិនមានអាត្រាគាំទ្រខ្ពស់ពេកនោះទេ តែក៏ទាបពេក នោះដែរ។ ពោលគឺអាត្រាគាំទ្រស្ថិតនៅចំណុចមានស្ថិរភាពបំផុតជាងប្រធានាធិបតីអាមេរិកណាៗទាំងអស់ ចាប់ពីក្រោយសង្រ្គាមលោកលើកទី២មក។ នេះមានន័យ ថាប្រជាជនអាមេរិកភាគច្រើនមានការយល់ឃើញជាវិជ្ជមានចំពោះលោក។ លោក បៃដិនមិនបានធ្វើឱ្យប្រជាជនអាមេរិករំភើបខ្លាំងណាស់ណានោះទេ តែក៏មិនបាន ធ្វើឱ្យពួកគេភ័យខ្លាចដែរ។

លោក បៃដិន ត្រូវបានគេមើលឃើញថាជា «អ្នកធ្វើកំណែទម្រង់គំនិតចាស់គំរិលម្នាក់» ដោយសារតែបានកែប្រែផ្នត់គំនិតចំពោះតួនាទីរបស់ស្ត្រី និងពលរដ្ឋអាមេរិក ស្បែកខ្មៅ។ ជាក់ស្ដែង លោកបានតែងតាំងលោកស្រី Kamala Harris ជាអនុប្រធានាធិបតីជាស្រី្តដំបូងក្នុងប្រវតិ្តសាស្ត្រអាមេរិក និងបង្កើនសមភាពយេនឌឺក៏ដូចជា លើកកម្ពស់ការចូលរួមរបស់ពលរដ្ឋអាមេរិកស្បែកខ្មៅដូចជាលោក Lloyd Austin ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិអាមេរិកស្បែកខ្មៅដំបូងបំផុត។
ជាងនេះទៅទៀត លោក បៃដិនបានបង្ហាញគណបក្សធំទាំង២ របស់សហរដ្ឋអាមេរិកឱ្យឃើញពីបញ្ហាមួយ នោះគឺក្នុងពេលបច្ចុប្បន្ន អ្នកសាធារណរដ្ឋទៅវិញទេដែល ត្រូវតែកែប្រែ។

គួរបញ្ជាក់ថា លោក ចូ បៃដិន នឹងឈានចូលវ័យ ៨២ឆ្នាំ នៅពេលសហរដ្ឋអាមេរិកត្រូវរៀបចំការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ហើយអ្នកជំនាញភាគច្រើន យល់ថាអាណត្តិជាប្រធានាធិបតីបច្ចុប្បន្នប្រហែលជាអាណត្តិចុងក្រោយរបស់លោកផងដែរ។ លោក ដូណាល់ ត្រាំមិនទាន់បានប្រកាសជាផ្លូវការថាលោកនឹង
ឈរឈ្មោះជាថ្មី ឬក៏យ៉ាងណានោះទេ តែមានការរំពឹងជាច្រើនថាលោកនឹងទទួលជ័យជម្នះ ប្រសិនបើលោក ចូលរួមប្រកួតប្រជែងម្ដងទៀត៕

ប្រភព៖ CNA (ថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១)