(ហាណូយ)៖ រដ្ឋធានីហាណូយនៃប្រទេសវៀតណាម នឹងបន្តអនុវត្តវិធានការបិទខ្ទប់ (lockdown) រហូតដល់ថ្ងៃទី២២ ថ្ងៃសីហា ក្រោយពីអាជ្ញាធរបានព្រមានពីការរកឃើញចង្កោមករណីឆ្លងថ្មីៗ នៅក្នុងទីក្រុងមានមនុស្សរស់នៅជាង ៨លាននាក់មួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១។

រយៈពេលពីរសប្តាហ៍កន្លងមកនេះ ទីក្រុងហាណូយបានស្ថិតក្រោមវិធានការបិទខ្ទប់ ដោយប្រជាជនដែលរស់នៅទីនោះ ត្រូវបានបង្គាប់កុំឲ្យចេញពីផ្ទះ លើកលែងតែក្នុងករណីចាំបាច់មួយចំនួន ប៉ុន្តែក្រោយកត់សម្គាល់ឃើញករណីឆ្លងកើនឡើង អាជ្ញាធរក៏បានសម្រេចចិត្តបន្តអនុវត្តវិធានការបច្ចុប្បន្ន ដែលនឹងត្រូវផុតកំណត់នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ឲ្យបន្តទៅមុខទៀត។

គិតត្រឹមរសៀលថ្ងៃសុក្រនេះ ទីក្រុងហាណូយតែឯងបានប្រកាសរកឃើញករណីឆ្លង COVID-19 ថ្មីៗ ២១ករណីទៀត ហើយបើសរុបតាំងពីចុងខែមេសាមកគឺមានជិត ១,៦០០ករណី។ ទោះបីជាតួលេខនៅទាប ក៏អាជ្ញាធរវៀតណាមមានការព្រួយបារម្ភខ្លាំង ក្រោយវីរុស COVID-19 បំប្លែងថ្មី Delta បានរុញច្រានករណីឆ្លងសរុប នៅទូទាំងប្រទេសអាស៊ានមួយនេះ ពីត្រឹមខ្ទង់រាប់ពាន់ករណី ឲ្យលោតដល់ខ្ទង់រាប់សែនករណីក្នុងរយៈពេលដ៏ខ្លី៕