(ស៉ីដនី)៖ ក្រុមមន្រ្តីអូស្រ្តាលី នៅថ្ងៃសុក្រនេះបានព្រមានប្រជាជនដែលរស់នៅទីក្រុងស៊ីដនីឱ្យប្រុងប្រៀបខ្លួន ដើម្បីទប់ទល់នឹងការកើនឡើងនៃករណីឆ្លងជំងឺ COVID-19 បន្ទាប់ពីទីក្រុងដ៏ធំបំផុតរបស់ប្រទេសនេះ បានកត់ត្រានូវកើនឡើងករណីឆ្លងរយៈពេល ០២ថ្ងៃជាប់ៗគ្នាហើយ បើទោះបីជាមានការដាក់ចេញនូវវិធានការ បិទខ្ទប់ដ៏តឹងរឹងរយៈពេលជាច្រើនសប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសបំប្លែងខ្លួនថ្មី Delta ហើយក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១។

មេដឹកនាំនៃរដ្ឋ New South West លោកស្រី គ្លេឌីស ប៊ឺរេជីកលាន (Gladys Berejiklian) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅទីក្រុងស៊ីដនីថា «គ្រាន់តែផ្អែក លើនិន្នាការក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ និងអ្វីដែលកំពុងកើតឡើង ខ្ញុំរំពឹងថានឹងមានករណីឆ្លងកើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយ ខ្ញុំគ្រាន់តែចង់ឱ្យអ្នករាល់គ្នាប្រុងប្រៀបខ្លួនឱ្យហើយ ដើម្បីទប់ទល់នឹងវា»

គួរបញ្ជាក់ថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ រដ្ឋ New South Wales បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន២៩១ករណី បន្ថែមទៀត ដែលកើនឡើងពី ២៦២ករណីកាលពីមួយថ្ងៃមុន ក្នុងនោះរួមមាន ២៧៩ករណីត្រូវបានរកឃើញនៅក្នុងទីក្រុងស៊ីដនី ដែលកើនឡើងពី ២៥៩ករណី កាលពីមួយថ្ងៃមុនដែរ ហើយអ្នកជំងឺម្នាក់ទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ទូទាំងរដ្ឋ កើនឡើងដល់ ២២នាក់ហើយ៕