(ចូហាន់ណែសប៊ឺក)៖ អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក ចាខូប ហ្ស៊ូម៉ា (Jacob Zuma) ត្រូវបានអាជ្ញាធរបញ្ជូនទៅកាន់មន្ទីរពេទ្យមួយ នៅក្រៅពន្ធនាគារដែលលោកជាប់ឃុំ ដើម្បីត្រួតពិនិត្យសុខភាពជាបន្ទាន់ ខណៈមិនទាន់មានប្រភពណាមួយអាចបញ្ជាក់ថា តើលោកកំពុងមានជំងឺអ្វីនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១។

អាជ្ញាធរអាហ្វ្រិកខាងត្បូងបានប្រាប់ឲ្យដឹងថា លោក Zuma ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីត្រួតពិនិត្យសុខភាព ក្រោយពីអតីតផ្នែកថែសុខភាពរបស់លោក ទទួលបានការអនុញ្ញាតពីមន្ត្រីគ្រប់គ្រងពន្ធនាគារ ក្នុងការសម្រួលដំណើរការដ៏ចាំបាច់នេះ។ មន្ត្រីពន្ធនាគារអាហ្វ្រិកខាងត្បូងបានគូសបញ្ជាក់ទៀតថា អ្នកទោសមានសិទ្ធិទទួលការព្យាបាលសុខភាព អាហារូបត្ថម្ភត្រឹមត្រូវ អានព័ត៌មាន-សៀវភៅ និងតាមដានស្ថានភាពនៃការឃុំខ្លួនជាដើម។

គួរបញ្ជាក់ថា អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Jacob Zuma ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១៥ខែ កាលពីចុងខែមិថុនា ឆ្នាំ២០២១។ ការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីតុលាការធម្មនុញ្ញបានរកឃើញថា លោក Jacob Zuma ពិតជាមានទោសពីបទម៉ាក់ងាយ ចំពោះបទបញ្ជានៃតុលាការធម្មនុញ្ញ ក្នុងការសាកសួរអំពីការប្រព្រឹត្តអំពើពុករលួយ ក្នុងកំលុងពេលដែលលោកកាន់តំណែងជាប្រធានាធិបតី។

ពេលវេលាកាន់អំណាចរបស់លោក Jacob Zuma ត្រូវបានបញ្ចប់កាលពីឆ្នាំ២០១៨ និងក្រោយមកលោកបានប្រឈម នឹងការចោទប្រកាន់ពីបទពុករលួយ និងលាងលុយកខ្វក់ ប៉ុន្តែអតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូងរូបនេះ បានច្រានចោលរាល់ការចោទប្រកាន់មកលើរូបលោក ក៏ដូចជាអះអាងផងដែរថា ខ្លួនមិនបានប្រព្រឹត្តទោសកំហុសអ្វីទាំងអស់៕