(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូធឺរែស (Antonio Guterres) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវឱ្យមានវឌ្ឍនភាពឆ្ពោះទៅរក ពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ នៅក្នុងឱកាសខួបលើកទី៧៦ នៃការទម្លាក់គ្រាប់បែកបរមាណូ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) ប្រទេសជប៉ុន។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១។

លោក Guterres បាននិយាយថា «ខ្ញុំពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែកង្វះវឌ្ឍនភាពឆ្ពោះទៅរកគោលដៅ នៃពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ»។ ប្រមុខដឹកនាំ UN រូបនេះបានបន្តថា ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ បានធ្វើការអភិវឌ្ឍឃ្លាំងអាវុធរបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលអាចបង្កឱ្យមានការរត់ប្រណាំងសព្វាអាវុធថ្មីមួយទៀត ប៉ុន្តែការសម្រេចចិត្តរបស់រុស្ស៉ី និងសហរដ្ឋអាមេរិក ក្នុងការបន្តសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី និងចូលរួមកិច្ចសន្ទនាស្តីពីការគ្រប់គ្រងអាវុធ គឺជាការបោះជំហានល្អមួយ ឆ្ពោះទៅរកការកាត់បន្ថយហានិភ័យនៃមហន្តរាយនុយក្លេអ៊ែរ។

លោក Guterres បាននិយាយបន្ថែមថា «ខ្ញុំសូមអំពាវនាវដល់ប្រទេសទាំងអស់ដែលមានអាវុធនុយក្លេអ៊ែរ ឱ្យអនុវត្តវិធានការកាត់បន្ថយហានិភ័យជាលក្ខណៈឯកតោភាគី និងលក្ខណៈរួម។ ការធានាតែមួយគត់ប្រឆាំងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺការលុបបំបាត់ទាំងស្រុងនៃអាវុធទាំងនោះ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកបរមាណូជាលើកដំបូងបំផុតលើទីក្រុង Hiroshima នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ និងជាលើកទីពីរលើទីក្រុង Nagasaki ក្នុងរយៈពេល ០៣ថ្ងៃបន្ទាប់ ដោយបានសម្លាប់មនុស្សប្រហែល ២១០,០០០នាក់នៅចុងឆ្នាំនោះ។ ការវាយប្រហារដោយអាវុធនុយក្លេអ៊ែរនេះ ទីបំផុតបាននាំមកនូវការបញ្ចប់អាណានិគមរបស់ជប៉ុន និងការបញ្ចប់សង្គ្រាមលោកលើកទី២ នៅខាងមហាសមុទ្រប៉ាស៉ីហ្វិក៕