(ឡូសអាន់ជែលែស)៖ ឧទ្យានជាតិ Lassen Volcanic National Park ដែលស្ថិតនៅភាគខាងជើងរដ្ឋកាលីហ្វរញ៉ា ត្រូវបានបង្ខំឲ្យបិទទ្វារ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈភ្លើងឆេះព្រៃយ៉ាងធំមួយ បានបន្តរាលដាលខ្លាំងឡើង នៅក្នុងតំបន់នោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១។

អាជ្ញាធរអាមេរិក បានឲ្យដឹងថា ឧទ្យានខាងលើត្រូវបិទទ្វារជាបន្ទាន់ទាំងស្រុងតែម្តង ដោយសារការគំរាមកំហែងពី ភ្លើងឆេះព្រៃឈ្មោះថា Dixie Fire ដែលនៅចំហៀងភាគខាងកើតឧទ្យាន។ ការបិទជាបណ្តោះអាសន្ននេះ ជាការចាំបាច់ដើម្បីអនុញ្ញាតឲ្យក្រុមពន្លត់អគ្គីភ័យ អាចធ្វើប្រតិបត្តិការដោយគ្មានឧបសគ្គ នៅគ្រប់ផ្នែកនៃឧទ្យាន។

ភ្លើងឆេះព្រៃ Dixie Fire ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅ បានឆាបឆេះលើតំបន់ជាច្រើន នៅភាគខាងជើងរដ្ឋកាលីហ្វរញ៉ា។ ឥឡូវវាបានក្លាយជាភ្លើងឆេះព្រៃធំជាងគេ ក្នុងឆ្នាំនេះ នៅរដ្ឋកាលីហ្វរញ៉ា និងធំបំផុតលំដាប់ទី៩ ក្នុងប្រវត្តិសាស្រ្តនៃរដ្ឋនេះ ក្រោយកើនឡើងទំហំបន្ថែម២០,២៣៤ហិកតា ក្នុងពេលត្រឹមមួយយប់។ ភ្នាក់ងារពន្លត់អគ្គីភ័យដល់ទៅ៤,៨០០នាក់ កំពុងព្យាយាមគ្រប់គ្រងនិងពន្លត់វា។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២១នេះ ភ្លើងឆេះព្រៃសរុបជាង ៦,០០០កន្លែង បានឆាបឆេះផ្ទៃដីប្រហែលច្រើនជាង២៣៤,០០០ហិកតា ហើយ បង្កការខូចខាត ឬបំផ្លាញសំណង់យ៉ាងហោច៤០០ខ្នង នៅក្នុងរដ្ឋកាលីហ្វរញ៉ាទាំងមូល។ ដោយឡែក បើគិតនៅទូទាំងសហរដ្ឋអាមេរិក ភ្លើងឆេះព្រៃធំៗប្រហែល១០០កន្លែង បានឆាបឆេះផ្ទៃដីប្រមាណ ៧៨៨,០០០ហិកតា នៅក្នុងរដ្ឋសរុបចំនួន១៤ ខណៈអាជ្ញាធរបានកត់ សម្គាល់ថា ភ្លើងឆេះព្រៃធំមួយចំនួននៅកាលីហ្វរញ៉ា បានបង្កការលំបាកខ្លាំងក្នុងការគ្រប់គ្រងពួកវា៕