(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានប្រកាសថា ប្រជាជនហុងកុងទាំងឡាយ ដែលបច្ចុប្បន្នកំពុងស្នាក់នៅលើទឹកដីសហរដ្ឋអាមេរិក នឹងទទួលបាន «សិទ្ធិអនុញ្ញាតការស្នាក់នៅបណ្ដោះអាសន្ន» ប្រសិនពួកគេព្រួយបារម្ភពីសុវត្ថិភាព នៅពេលត្រឡប់ទៅទីក្រុងហុងកុងវិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១។

បើតាមការប្រកាសរបស់លោក បៃដិន ពលរដ្ឋហុងកុងនឹងទទួលបានសិទ្ធិបន្តស្នាក់នៅក្នុងសហរដ្ឋអាមេរិក សម្រាប់រយៈពេល ១៨ខែបន្ថែម បើទោះជាទិដ្ឋាការរបស់ពួកគេអស់សុពលភាពក៏ដោយ ហើយការសម្រេចចិត្តនេះទៀតសោត គឺស្របតាមការចោទប្រកាន់របស់សហរដ្ឋអាមេរិក ទៅលើរដ្ឋាភិបាលទីក្រុងប៉េកាំង អំពីការលុបបំបាត់សិទ្ធិ និងសេរីភាពរបស់ប្រជាជនហុងកុង ។

លោក ចូ បៃដិន បានធ្វើការកត់សម្គាល់ នៅក្នុងសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះថា «តាមរយៈការដាក់ច្បាប់របស់ប្រទេសចិន ទៅលើទីក្រុងហុងកុងដោយឯកតោភាគី វាបានបំផ្លាញសិទ្ធិ និងសេរីភាពនៅក្នុងទីក្រុងហុងកុង ក៏ដូចជាចាប់ខ្លួនអ្នកនយោបាយប្រឆាំង សកម្មជន និងបាតុករច្រើនជាង ១០០នាក់ ក្រោមហេតុផលនយោបាយ»។ លោក បៃដិន បានបន្ថែមទៀតថា មនុស្សច្រើនជាង ១,០០០នាក់ផ្សេងទៀតក៏ត្រូវបានចាប់ខ្លួនផងដែរ ជាប់ពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងរដ្ឋាភិបាល ទីក្រុងហុងកុងផងដែរ។

តែយ៉ាងណាក៏ដោយ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនបានប្រកាស «ថ្កោលទោសយ៉ាងខ្លាំងក្លា» ចំពោះការប្រកាសរបស់លោក ចូ បៃដិន និងចាត់ទុកថាវាជាការ «លូកលាន់កិច្ចការផ្ទៃក្នុង» របស់ចិនយ៉ាងពិតប្រាកដ។

គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានដាក់ច្បាប់សន្តិសុខជាតិលើទីក្រុងហុងកុង កាលពីខែមិថុនា ឆ្នាំ២០២០ ខណៈក្រុមអ្នករិះគន់ចោទថា ច្បាប់នេះមានបំណងបំផ្លាញគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» និងសិទ្ធិសេរីភាព រួមទាំងប្រជាជនធិបតេយ្យរបស់ទីក្រុងហុងកុង។ ប៉ុន្តែរដ្ឋាភិបាលចិន បានច្រានចោលរាល់ការរិះគន់ និងអះអាងថា ច្បាប់មានគោលដៅថែរក្សាសន្តិភាព និងសណ្ដាប់ធ្នាប់ទីក្រុងហុងកុងតែប៉ុណ្ណោះ៕