(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ១២៤ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានតែ ៤៤ករណីប៉ុណ្ណោះ ជាករណីនាំចូល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ។

បើតាមគណៈកម្មការសុខភាពជាតិចិន (NHC) ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ៨០ករណី ជាករណីឆ្លងក្នុងសហគមន៍ ក្នុងនោះរួមមាន ៦១ករណីត្រូវបានរកឃើញនៅក្នុងខេត្តជាំងស៊ូ (Jiangsu) ខណៈករណីដែលនៅសេសសល់ភាគច្រើនទៀត ត្រូវបានរកឃើញនៅក្នុងទីក្រុងយ៉ាងចូវ (Yangzhou)។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសចិនបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៩៣,៤៩៨ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦ករណី និងអ្នកជាសះស្បើយ ៨៧,៤៩២នាក់។ កន្លងមកនេះ ចិនបានកំណត់ឲ្យធ្វើតេស្តរកជំងឺ COVID-19 ទ្រង់ទ្រាយធំនៅទីក្រុង ណានជីង (Nanjing), វូហាន (Wuhan) និង ម៉ាកាវ (Macau) បន្ទាប់ពីករណីឆ្លងថ្មីៗត្រូវបានរកឃើញនៅទីនោះ។ ចិនក៏កំពុងបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្លាំងក្លា ដើម្បីទប់ទល់វីរុសបំប្លែងថ្មី Delta ផងដែរ៕