(សេអ៊ូល)៖ ការអំពាវនាវឱ្យផ្អាកការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងគណបក្ស ប្រជាធិតេយ្យកូរ៉េរបស់លោកប្រធានាធិបតី មូន ចែអ៉ីន នៅថ្ងៃព្រហស្បតិ៍នេះ ខណៈការមានការសង្ឃឹមកាន់តែច្រើនឡើង ចំពោះការបើកកិច្ចសន្ទនាអន្តរកូរ៉េឡើងវិញ។

មន្ត្រីជាន់ខ្ពស់ម្នាក់មកពីគណបក្សប្រជាធិបតេយ្យកូរ៉េ បានប្រាប់ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ផ្អែកលើស្ថានការណ៍បច្ចុប្បន្ន ការផ្អាកការធ្វើសមយុទ្ធយោធាប្រហែលជាចៀសមិនរួចឡើយ ទោះបីជាមានការជំទាស់មួយចំនួនក៏ដោយ។ ការជជែកគ្នាពីការផ្អាក ឬការកាត់បន្ថយទំហំសមយុទ្ធយោធាប្រចាំឆ្នាំ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែសីហានេះ កើតមានឡើងបន្ទាប់ពីកូរ៉េទាំង ២ បានសម្រេចចិត្តតភ្ជាប់ខ្សែទូរស័ព្ទបន្ទាន់ឡើងវិញ កាលពីសប្ដាហ៍មុន។

កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូ ចុង បានព្រមានថា សមយុទ្ធយោធារួមគ្នានេះអាចនឹងបំផ្លាញដល់ទំនាក់ទំនងកូរ៉េទាំង ២ ហើយអ្វីៗគឺស្ថិតនៅលើការសម្រេចចិត្តរបស់កូរ៉េខាងត្បូង។ កូរ៉េខាងជើងជារឿយៗ តែងតែថ្កោលទោស និងចាត់ទុកការធ្វើសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង ជាការត្រៀមលក្ខណៈឈ្លានពាន ផ្ដួលរំលំរបបដឹកនាំលោក គីម ជុងអ៊ុន ហើយជាទម្លាប់ទីក្រុងព្យុងយ៉ាងតែងតែបាញ់សាកល្បងមីស៊ីល ជាការឆ្លើយតបវិញ។

មកទល់នឹងពេលនេះ មិនទាន់មានការសម្រេចចិត្តណាមួយ ពាក់ព័ន្ធនឹងការធ្វើសមយុទ្ធយោធារួមគ្នានោះទេ ប៉ុន្តែក្រុមមន្ត្រីកូរ៉េខាងត្បូងនិយាយថា ការធ្វើសមយុទ្ធយោធា មិនគួរបង្កឱ្យមានភាពតានតឹងឡើយ។ ការធ្វើសមយុទ្ធយោធារួមគ្នា គឺជាមូលដ្ឋានគ្រឹះមួយនៃទំនាក់ទំនងរវាងអាមេរិក និងកូរ៉េខាងត្បូង ដូច្នេះការសម្រេចចិត្តណាមួយ មិនមែនអាស្រ័យលើកូរ៉េខាងត្បូងតែម្នាក់ឯងនោះទេ ពោលគឺត្រូវសួរចិត្តទីក្រុងវ៉ាស៊ីនតោនជាមុនសិន។ ប្រការនេះមានន័យថា កូរ៉េខាងត្បូងចង់ផ្អាកការធ្វើសមយុទ្ធយោធាក៏ពិបាក មិនផ្អាកក៏ពិបាក។ កាលពីជំនាន់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលធ្លាប់បានផ្អាក និងកាត់បន្ថយទំហំនៃការធ្វើសមយុទ្ធ យោធាប្រចាំឆ្នាំដើម្បីសម្រួលដល់ការរៀបចំ កិច្ចប្រជុំកំពូលជាមួយលោក គីម ជុងអ៊ុន។

ក៏ប៉ុន្តែនៅក្រោមរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន សហរដ្ឋអាមេរិកទំនងជានឹងមិនផ្ដល់សម្បទានដោយស្រួលៗ ដូចជំនាន់លោក ត្រាំ នោះទេ ហើយលោក បៃដិន ផ្ទាល់ក៏ធ្លាប់បានអះអាងដែរថា លោកនឹងមិនជួបលោក គីម ជុងអ៊ុនឡើយ ប្រសិនជាកូរ៉េខាងជើងមិនបានបង្ហាញការប្ដេជ្ញាចិត្តចំពោះកិច្ចចរចា។ តែយ៉ាងណាក៏ដោយ តាមរយៈការភ្ជាប់ ឡើងវិញនូវខ្សែទូរស័ព្ទបន្ទាន់ដែលកូរ៉េខាងជើងបានកាត់ផ្ដាច់កាលពីឆ្នាំមុន គេរំពឹងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងអាចនឹងផ្ដល់រង្វាន់មួយជាការលើកទឹកចិត្តដល់

លោក គីម ជុងអ៊ុន នោះគឺ «យ៉ាងហោចណាស់ កាត់បន្ថយទំហំនៃការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ» ដើម្បីធ្វើតេស្តថាតើកូរ៉េខាងជើង ពិតជាចង់ត្រឡប់មករកកិច្ចចរចាជាថ្មីដែរ ឬក៏យ៉ាងណា?

គួរបញ្ជាក់ថា សមាជិកសភាកូរ៉េខាងត្បូង ៧៤រូប មកពីគណបក្សប្រជាធិបតេយ្យកូរ៉េ និងគណបក្សដទៃ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហានេះបានចុះហត្ថលេខាលើញត្តិ អំពាវនាវឱ្យមានការផ្អាកការធ្វើសមយុទ្ធយោធា។ បើតាមមន្ត្រីកូរ៉េខាងត្បូងម្នាក់ប្រាប់ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ លោកប្រធានាធិបតី មូន ចែអ៉ីន ក៏បាននាំណែនាំឱ្យរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង ពិគ្រោះយោបល់ជាមួយភាគីអាមេរិកផងដែរ ជុំវិញការធ្វើសមយុទ្ធយោធារួមគ្នា ស្របពេលប្រធានគណបក្ស ប្រជាធិបតេយ្យកូរ៉េ លោក សុង យុំាងជីល (Song Young-gil) ប្រកាន់ជំហរថា សមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក ត្រូវតែធ្វើឡើងតាមការគ្រោងទុក។

ពីព្រោះថាការធ្វើសមយុទ្ធយោធា គឺជាការរក្សាតុល្យភាពអំណាចនៅក្នុងតំបន់អាស៊ីភាគឦសាន ហើយពេលវេលាខ្លីពេក ក៏បង្កការលំបាកក្នុងការពន្យារពេលការធ្វើសមយុទ្ធយោធា ដែលកំពុងស្ថិតនៅក្រោមការរៀបចំទៅហើយនោះផងដែរ។ ដូច្នេះសរុបសេចក្តីមក ការផ្អាកសមយុទ្ធយោធាជាមួយអាមេរិកតែម្តងនោះ គឺជារឿងពិបាកនឹងទៅរួច ប៉ុន្តែការធ្វើសម្បទានទៅវិញទៅមក ដូចជាការកាត់បន្ថយទំហំសមយុទ្ធ និងការបន្ថយសម្ពាធណាមួយចំពោះកូរ៉េខាងជើង អាចនឹងក្លាយជាជំរើសដ៏ប្រសើរបំផុត នៅក្នុងកាលៈទេសៈដ៏ពិបាកសម្រេចចិត្តបំផុត របស់កូរ៉េខាងត្បូងពេល នេះ៕

ប្រភព៖ យ៉ុនហាប់ (ថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១)