(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ ចិនបានសម្តែងការជំទាស់យ៉ាងម៉ឹងម៉ាត់ ចំពោះការអនុម័តរបស់ក្រសួងការបរទេសអាមេរិក លើគម្រោងលក់សព្វាវុធឲ្យទៅកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា ទីក្រុងប៉េកាំងនឹងចេញចំណាត់ការសមស្របនិងចាំបាច់ ដើម្បីឆ្លើយតបចំពោះស្ថានការណ៍ ។ អ្នកនាំពាក្យដដែលបានបន្តថា តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាន របស់ប្រទេសចិន ដូច្នេះការដែលសហរដ្ឋអាមេរិក លក់សព្វាវុធបែបនេះឲ្យទៅតៃវ៉ាន់ គឺប្រៀបដូចជាទីក្រុងវ៉ាស៉ីនតោន កំពុងលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន ហើយធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខជាតិរបស់ចិន។

ជាមួយគ្នានេះ អ្នកនាំពាក្យចិនខាងលើ បានទទូចឲ្យសហរដ្ឋអាមេរិក គោរពឲ្យខ្ជាប់ខ្ជួនចំពោះ គោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំង៣ រវាងចិន-អាមេរិក ហើយបញ្ឈប់ការលក់សព្វាវុធ និងកាត់ផ្តាច់ទំនាក់ទំនងយោធាជាមួយតៃវ៉ាន់ ដើម្បីកុំឲ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែដុនដាប់ទៀត ព្រមទាំងដើម្បីរក្សាសុខសន្តិភាព និងស្ថិរភាពនៅទូទាំងតំបន់ច្រកសមុទ្រតៃវ៉ាន់។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានចេញមុខប្រតិកម្មបែបនេះ បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា ក្រសួងការបរទេសអាមេរិក ទើបតែអនុម័តចំពោះគម្រោងលក់ប្រព័ន្ធកាំភ្លើងធំ M109 howitzer ដែលដូចរថក្រោះ ចំនួន៤០គ្រឿង ឲ្យទៅតៃវ៉ាន់ ក្នុងតម្លៃ៧៥០លានដុល្លារ៕