(វ៉ាស៊ីនតោន)៖ វីរុស COVID-19 បំប្លែងថ្មី Delta ដែលត្រូវបានគេរកឃើញដំបូងក្នុងប្រទេសឥណ្ឌាកាលពីខែតុលា ឆ្នាំ២០២០ បាននិងកំពុងរ៉ាប់រងករណីឆ្លង និងស្លាប់ថ្មីៗដោយសារ COVID-19 នៅជុំវិញពិភពលោក។ បើតាមអង្គការសុខភាពពិភពលោក WHO វីរុសបំប្លែងថ្មី Delta បានឆ្លងរាលដាលទៅដល់ច្រើនជាង ១២៤ប្រទេស និងដែនដី ហើយដោយសារតែវីរុសបំប្លែងថ្មីមួយនេះ សូម្បីតែប្រទេសមានអាត្រាចាក់វ៉ាក់សាំងខ្ពស់ដូចជា សហរដ្ឋអាមេរិក និងអ៉ីស្រាអែល រួមទាំងប្រទេស ដែលធ្លាប់ទទួលបានជោគជ័យក្នុងការទប់ស្កាត់ COVID-19 ដូចជា អូស្ត្រាលី, កម្ពុជា, ថៃ និងវៀតណាមជាដើមបែរជាត្រូវបង្ខំចិត្តដាក់ចេញវិធានការរឹតត្បិត ឬបិទខ្ទប់ជាថ្មីឡើងវិញ។

វីរុសបំប្លែងថ្មី Delta ហាក់ដូចជាបានបំផ្លាញក្ដីសង្ឃឹមនៃការងើបចេញពីវិបត្តិ COVID-19 និងការត្រឡប់ទៅរកជីវភាពរស់បែបធម្មតាវិញនៃមនុស្សជាតិ។ អ្នកជំនាញភាគច្រើនយល់ថា COVID-19 នឹងរលាយបាត់ ដរាបណាពិភពលោកអាចបង្កើត «ប្រព័ន្ធភាពសុំាសមូហភាព» ជាពិសេសតាមរយៈការចាក់វ៉ាក់សាំងដែលនៅតែជា មធ្យោបាយដ៏ល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏ចង្រៃមួយនេះ។ វីរុសបំប្លែងថ្មី Delta ត្រូវបានគេរាយការណ៍ថាមានសមត្ថភាពចម្លងជំងឺយ៉ាងឆាប់រហ័ស និងមានភាពកាចសាហាវជាងវីរុសដើមរបស់វា ក៏ដូចជាវីរុសបំប្លែងថ្មីនានា នាពេលបច្ចុប្បន្ន។ ក៏ប៉ុន្តែ អ្វីទៅធ្វើឱ្យវីរុសបំប្លែងថ្មី Delta មានភាពកាចសាហាវ និងគួរឱ្យព្រួយបារម្ភបែបនេះ?

* ហេតុអ្វីវីរុសបំប្លែងថ្មី Delta មានលក្ខណៈកាចសាហាវ?

អង្គការសុខភាពពិភពលោក WHO បានចាត់ទុកវីរុសបំប្លែងថ្មីចំនួន៤ ជាប្រភេទ «វីរុសបំប្លែងថ្មីដែលត្រូវបារម្ភ» ក្នុងនោះរួមមានវីរុសបំប្លែងថ្មី Alpha, Beta, Gamma និង Delta។ ការសិក្សាស្រាវជ្រាវមួយនៅចក្រភពអង់គ្លេសបានរកឃើញថាវីរុសបំប្លែងថ្មី Delta អាចចម្លងជំងឺលឿនរហ័សជាងវីរុសបំប្លែងថ្មី Alpha (មានប្រភពដើមនៅចក្រភពអង់គ្លេស) ពី៤០ ទៅ ៦០ភាគរយ ខណៈវីរុសបំប្លែងថ្មី Alpha ខ្លួនឯង អាចចម្លងជំងឺលឿនរហ័សជាងវីរុសបំប្លែងថ្មីដទៃ ៥០ភាគរយ ទៅហើយ។ មិនតែប៉ុណ្ណោះ បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក CDC វីរុសបំប្លែងថ្មី Delta ក៏ត្រូវបានគេរកឃើញដែរថាមានភាពកាចសាហាវ និងអាចបង្កឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។

មកទល់នឹងពេលនេះ ក្រុមអ្នកជំនាញមកពីអង្គការសុខភាពពិភពលោក WHO នៅតែបន្តធ្វើការសិក្សាស្រាវជ្រាវនៅឡើយ ដើម្បីរកឱ្យឃើញថាតើមានមូលហេតុអ្វីធ្វើឱ្យ វីរុសបំប្លែងថ្មី Delta មានភាពកាចសាហាវ? ក្រុមអ្នកវិទ្យាសាស្ត្រខ្លះបានពន្យល់ថាភាពកាចសាហាវរបស់វា អាចមានជាប់ពាក់ព័ន្ធនឹងការផ្លាស់ប្ដូរក្រមនៃហ្សែន ឬកូដហ្សេនេទិច (genetic code) នៅលើប្រតេអ៉ីន Spike protein ឬគេស្គាល់ថា «D614G» ដែលអាចបង្កើនដង់ស៊ីតេ spike protein នៅលើផ្ទៃនៃភាគល្អិតវីរុស និងធ្វើឱ្យវាងាយភ្ជាប់ខ្លួន ក៏ដូចជាចម្លងជំងឺទៅកោសិការបស់មនុស្ស ហើយជួនកាល វាក៏អាចទម្លុះខែលការពារ ឬប្រព័ន្ធភាពស៊ាំបង្កើតឡើងដោយវ៉ាក់សាំងផងដែរ។

វីរុស SARS-CoV-2 បង្កជំងឺ COVID-19 ប្រើប្រាស់ Spike protein ដើម្បីចម្លងជំងឺទៅមនុស្ស ហើយការបង្កើនដង់ស៊ីតេ spike protein ឬការបង្កើនបរិមាណវីរុសនេះឯង ទើបធ្វើឱ្យវីរុសបំប្លែងថ្មី Delta ចម្លងជំងឺលឿនរហ័ស និងមានភាពកាចសាហាវ។ ជាក់ស្ដែង ក្រុមអ្នកវិទ្យាសាស្ត្រចិនបានរកឃើញថាមនុស្សដែលបានឆ្លងវីរុសបំប្លែងថ្មី Delta មានផ្ទុកវីរុសច្រើនជាង ១,០០០ដងនៅក្នុងផ្លូវដង្ហើមរបស់ពួកគេ ធៀបទៅនឹងអ្នកដែលឆ្លងវីរុស COVID-19 ដើមរបស់វា។

ជាធម្មតា វីរុសតែងតែឆ្លងកាត់ដំណាក់កាលបំប្លែងខ្លួនថ្មី ហើយការបំប្លែងខ្លួននេះវាប្រៀបបានដូចជាការឡើង Version ឬកំណែថ្មីសម្រាប់ទូរស័ព្ទស្មាតហ្វូនដូច្នោះដែរ។ ការបំប្លែងខ្លួនរបស់វីរុសមិនមែនសុទ្ធតែបង្កើតបានជាវីរុសបំប្លែងថ្មីកាចសាហាវនោះទេ ដោយពេលខ្លះក៏មានវីរុសខ្សោយដែរ។ តែប្រសិនជាវីរុសនៅតែបន្ត
បំប្លែងខ្លួន ចង់ឬមិនចង់ វានឹងអាចលេចចេញវីរុសបំប្លែងថ្មីៗដ៏កាចសាហាវដូចជា ឬខ្លាំងជាងវីរុស Delta តទៅទៀតក៏ថាបាន។

* ហេតុអ្វីអ្នកចាក់វ៉ាក់សាំង ២ដូសហើយ នៅតែអាចឆ្លង COVID-19?

ពិតមែនទៅ ទោះជាវ៉ាក់សាំងអាចជួយបង្កើតប្រព័ន្ធសុំារឹងមាំប្រឆាំងនឹងការឆ្លងក៏ដោយ តែវាមិនអាចការពារ ឬបង្ការបាន ១០០ភាគរយនោះទេ ដែលនេះមានន័យថាអ្នកចាក់វ៉ាក់សាំងមិនថាដូសទី១ ឬគ្រប់ដូស នៅតែអាចឆ្លង និងចម្លង COVID-19 ដល់អ្នកដទៃដដែល។ ល្គឹកណា វីរុស SARS-CoV-2 បង្កជំងឺ COVID-19 បន្តរាលដាលនៅក្នុងសហគមន៍ នោះឱកាសឆ្លងក៏ស្ថិតនៅកម្រិតខ្ពស់ដែរ ហើយពេលខ្លះវាថែមទាំងអាចទម្លុះខែលការពារ របស់អ្នកចាក់វ៉ាក់សាំង ឬអ្នកធ្លាប់ឆ្លងម្ដងហើយទៀតផង។ នៅក្នុងករណីដ៏កម្រ ការឆ្លងបែបនេះក៏អាចឆក់យកជីវិតមនុស្សដែរ។

បើតាមសិក្សាស្រាវជ្រាវនៅក្នុងសហរដ្ឋអាមេរិក ករណីឆ្លងលើអ្នកចាក់វ៉ាក់សាំងគ្រប់ដូស គឺជារឿងកម្រនឹងកើតឡើងណាស់ ហើយម្យ៉ាងវិញទៀតទោះជាមិនអាចការពារបាន ១០០ភាគរយ តែវ៉ាក់សាំងនៅតែមានប្រសិទ្ធភាព និងអាចការពារយើងកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់។ ជាក់ស្ដែង ទិន្នន័យផ្ដល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសជាច្រើនដូចជា សហរដ្ឋអាមេរិកបានរកឃើញថាអ្នកធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់ ឬក៏ឆ្លងភាគច្រើនជាអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង ដែលនេះបង្ហាញយ៉ាងច្បាស់ថា ការចាក់វ៉ាក់សាំងនៅតែជាអាវុធដ៏ល្អប្រឆាំងនឹង COVID-19 ដើម រួមទាំងវីរុសបំប្លែងថ្មី។

វាមានកត្តាសំខាន់បីយ៉ាងដែលអ្នកចាក់វ៉ាក់សាំង ២ដូសហើយ តែនៅអាចឆ្លងCOVID-19 នោះគឺ វីរុស, វ៉ាក់សាំង និងធម្មជាតិនៃមនុស្សម្នាក់ៗ។

* កតា្តវីរុស៖ វីរុស COVID-19 នៅតែបន្តបំប្លែងខ្លួន ដោយបង្កើតជាវីរុសបម្លែងថ្មីជាច្រើនដូចជាវីរុសបម្លែងថ្មី Delta ជាដើមដែលកំពុងបង្កឱ្យមានការព្រួយបារម្ភថាវាមានសមត្ថភាពចម្លងជំងឺយ៉ាងឆាប់រហ័ស និងអាចសម្របខ្លួន ឬក៏ទម្លុះខែលការពារនៃប្រព័ន្ធលើអ្នកចាក់វ៉ាក់សាំង និងអ្នកធ្លាប់ឆ្លងម្ដងរួចហើយ។ វីរុសម្លែងថ្មីមានកាន់ តែច្រើន ការទប់ស្កាត់ការឆ្លងរាលដាល COVID-19 ក៏កាន់តែពិបាកតាមហ្នឹង ព្រោះវីរុសបម្លែងថ្មីជួនកាលវាអាចបំផ្លាញ ឬកាត់បន្ថយប្រសិទ្ធភាពរបស់វ៉ាក់សាំងដែល មានស្រាប់ក្នុងពេលបច្ចុប្បន្ន។

* កត្តាវ៉ាក់សាំង៖ ទិន្នន័យសព្វថ្ងៃ បង្ហាញថាវ៉ាក់សាំង COVID-19 ភាគច្រើនដែលត្រូវបានអនុញ្ញាតសម្រាប់ការប្រើប្រាស់ សុទ្ធតែមានប្រសិទ្ធភាពខ្ពស់ការពារកុំឱ្យ មនុស្សធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬកាត់បន្ថយហានិភ័យស្លាប់។ វ៉ាក់សាំងទាំងនោះដូចជា វ៉ាក់សាំងប្រភេទ mRNA របស់ក្រុមហ៊ុន Moderna និងក្រុមហ៊ុន Pfizer ត្រូវបានគេ រាយការណ៍ថាមានប្រសិទ្ធភាពខ្ពស់ តែមិនមែនល្អឥតខ្ចោះ១០០ភាគរយនោះទេ។ បើតាមក្រុមអ្នកជំនាញ ដើម្បីបង្កើតប្រព័ន្ធភាពសុំារឹងមាំ មនុស្សម្នាក់ត្រូវតម្រូវឱ្យ ចាក់វ៉ាក់សាំងពេញលេញ ឬពីរដូស ហើយការចាក់វ៉ាក់សាំងនេះទៀតសោត ត្រូវការពេលវេលាពី ២ ទៅ១២សប្ដាហ៍ ឬអាចច្រើនជាងនេះអាស្រ័យទៅលើប្រភេទ និងគុណភាពនៃវ៉ាក់សាំងនីមួយៗក្នុងការបង្កើតប្រព័ន្ធសុំា ក្រោយការចាក់ដូសទី២។ បន្ថែមពីលើនេះ វាក៏អាចទៅដែរថាប្រសិទ្ធភាពវ៉ាក់សាំងត្រូវបានបំផ្លាញ ឬកាត់បន្ថយដោយសារបញ្ហាមួយចំនួនក្នុងការផលិត ឬការស្តុកទុកមិនត្រឹមត្រូវតាមស្ដង់ដារ។

* កត្តាធម្មជាតិនៃមនុស្ស៖ ទោះបីជាវ៉ាក់សាំងនោះមានប្រសិទ្ធភាពខ្ពស់ប៉ុនណាក៏ដោយ តែវាមិនប្រាកដថាអាចបង្កើតប្រព័ន្ធភាពរឹងមាំលើមនុស្សគ្រប់រូបបាន នោះឡើយ។ បុគ្គលមួយចំនួនត្រូវបានគេរកឃើញថាមិនឆ្លើយតបទៅនឹងវ៉ាក់សាំង ដែលមានន័យថាពួកគេមិនអាចផលិតអង់ទីករគ្រប់គ្រាន់ប្រឆាំងនឹងវីរុសនោះទេ។ ករណីបែបនេះ អាចកើតមានលើមនុស្សមានវ័យចំណាស់ និងមនុស្សមានប្រព័ន្ធភាពសុំាទន់ខ្សោយពីកំណើត។

* តើយើងពិតជាចាំបាច់ត្រូវចាក់វ៉ាក់សាំងដូសទី ៣ មែនទេ?

អង្គការសុខភាពពិភពលោក WHO មិនបានផ្ដល់អនុសាសន៍សម្រាប់ការចាក់វ៉ាក់សាំងដូសទី ៣ នោះទេ ស្របពេលការសិក្សាស្រាវជ្រាវកំពុងធ្វើឡើងនៅឡើយ។ ប៉ុន្តែ ប្រឈមមុខនឹងការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី Delta ក្រុមអ្នកជំនាញមួយចំនួនយល់ថាការចាក់វ៉ាក់សាំងដូសទី ៣ ប្រហែលជានឹងត្រូវតម្រូវជាចាំបាច់។ វ៉ាក់សាំងខ្លះដូចជា វ៉ាក់សាំងជំងឺកញ្ជ្រឹល គឺអាចការពារបានមួយជីវិតពីវីរុសបង្កជំងឺនេះ តែវ៉ាក់សាំងខ្លះទៀតមិនដូច្នោះទេ។ ជាឧទាហរណ៍ដូចជា វ៉ាក់សាំងជំងឺតេតាណូស និងវ៉ាក់សាំងជំងឺខាន់ស្លាក់ជាដើម វាត្រូវការចាក់វ៉ាក់សាំងបន្ថែមជារៀងរាល់ ១០ឆ្នាំម្ដង។

ក្រុមអ្នកស្រាវជ្រាវជាច្រើនកំពុងសង្ស័យថាអង់ទីករ ឬប្រព័ន្ធភាពសុំាបង្កើតដោយវ៉ាក់សាំង COVID-19 អាចនឹងថយចុះប្រសិទ្ធភាពនៅពេលណាមួយដូចដែល ការសិក្សានៅក្នុងប្រទេសអ៉ីស្រាអែលបានបង្ហាញពីការថយចុះប្រសិទ្ធភាពវ៉ាក់សាំង Pfizer។ នៅក្នុងវេទិការបច្ចេកវិទ្យាសុខាភិបាលរៀបចំឡើងឡើងដោយកាសែត Wall Street Journal កាលពីខែមិថុនា អ្នកជំនាញផ្នែកជំងឺឆ្លងអាមេរិក លោក Anthony Fauci ក៏ធ្លាប់បានទទួលស្គាលដែរថាវ៉ាក់សាំង COVID-19 នាពេលបច្ចុប្បន្ន មិនអាចការពារពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះយូរអង្វែងនោះទេ។

ហេតុផលមួយទៀត ដែលក្រុមអ្នកស្រាវជ្រាវយល់ថាការចាក់វ៉ាក់សាំងដូសទី ៣ នឹងត្រូវតម្រូវជាចាំបាច់នោះគឺដើម្បីរារាំងកុំឱ្យវីរុសបម្លែងថ្មីកើតមាន ជាបន្តទៅទៀត។ តែទោះជាយ៉ាងណាក៏ដោយ បញ្ហាគឺនៅត្រង់ថាតើការចាក់វ៉ាក់សាំងដូសទី ៣ នេះអាចនឹងធ្វើទៅរួចទេនៅតាមប្រទេសខ្លះដែលមានប្រជាជន មួយចំនួននៅតែខ្លាចរអា និងស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងនៅឡើយ ជាពិសេសនៅតំបន់អឺរ៉ុបតែម្ដង។

មកទល់បច្ចុប្បន្ន អ៉ីស្រាអែលបានក្លាយជាប្រទេសដំបូងគេ ដែលបានចាប់ផ្ដើមចាក់វ៉ាក់សាំងដូសទី ៣ ជាផ្លូវការជូនប្រជាជនរបស់ខ្លួនមានអាយុចាប់ពីអាយុ៦០ឆ្នាំ ឡើងទៅ ហើយអង់គ្លេសគ្រោងនឹងចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាជន ៣២លាននាក់នៅដើមខែកញ្ញាខាងមុខនេះ ខណៈបណ្ដាប្រទេសជាច្រើនកំពុងពិចារណា ហើយខ្លះទៀតដូចជា បារាំង, ថៃ, បារ៉ែន និងអេមីរ៉ាតអារ៉ាប់រួម ក៏បានចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាជនខ្លួនមួយចំនួនដែលងាយរគ្រោះជាងគេផងដែរ៕

ប្រភព៖ WSJ, CNN (ថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១)