(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃពុធ ទី០៤ ខែសីហានេះសម្រេចចាត់វិធានការរឹតបន្តឹងលើការធ្វើដំណើរទៅក្រៅប្រទេសចំពោះពលរដ្ឋរបស់ខ្លួន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការកើនឡើងសារជាថ្មី នៃជំងឺកូវីដ១៩ បន្ទាប់ពីបានរាយការណ៍ពីចំនួនអ្នកឆ្លងខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅយប់ថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១។

ចលនាប្រជាជនត្រូវបានរឹតត្បិតបន្ថែមទៀតនៅក្នុងប្រទេសចិន ដោយធ្វើការផ្អាកការធ្វើដំណើរតាមមូលដ្ឋាន និងអំពាវនាវឲ្យស្នាក់នៅតែក្នុងផ្ទះ នៅតាមទីក្រុងមួយចំនួន។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលចិននៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន៧១ករណីថែមទៀត ដែលជាករណីឆ្លងក្នុងស្រុក។

ក្នុងចំណោមករណីឆ្លងក្នុងស្រុកថ្មីៗទាំងនោះ មាន៣៥ករណីត្រូវបានរកឃើញនៅខេត្តជាំងស៊ូ (Jiangsu), ១៥ករណីនៅខេត្តហ៊ូណា (Hunan), ៩ករណីនៅខេត្តហ៊ូប៉ី (Hubei), ៦ករណីនៅសានទុង (Shandong), ២ករណីនៅខេត្តយូនណាន (Yunnan), ២ករណីនៅខេត្តហឺណាន (Henan) និង១ករណីនៅខេត្តហ៊្វូជាំង (Fujian)៕