(ប្រាក)៖ មនុស្ស ០២នាក់បានស្លាប់ និងជាង ៤០នាក់រងរបួស នៅពេលរថភ្លើងល្បឿនលឿនមួយខ្សែ បានបុកជាមួយរថភ្លើងដឹកអ្នកដំណើរមួយខ្សែទៀត នៅប្រទេសឆែកក្នុងថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១។

ក្រុមសង្រ្គោះបានឲ្យដឹងថា ក្នុងចំណោមអ្នករងរបួសទាំងអស់នោះ ០៤នាក់មានស្ថានភាពធ្ងន់ធ្ងរ និងត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ ហើយដោយឡែក ០៧នាក់ទៀត ត្រូវការការវះកាត់ដើម្បីសង្រ្គោះ ខណៈ ៣១នាក់បានរងរបួសស្រាល។

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើនេះបានកើតឡើងនៅក្បែរក្រុង ដូម៉ាស់ឡៃស៍ (Domazlice) ភាគខាងលិចសាធារណរដ្ឋឆែក។ នាពេលនេះ ក្រុមសង្រ្គោះក៏នៅកំពុងតាមស្វែងរកមនុស្សម្នាក់ ដែលបាត់ខ្លួនផងដែរ។ ចំណែកឯងមូលហេតុ ដែលបានបណ្តាលឲ្យរថភ្លើងទាំងពីរខ្សែបុកគ្នា គឺមិនទាន់ត្រូវបានបញ្ជាក់ឲ្យច្បាស់នៅឡើយទេ៕