(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មូហៃយ៉ីដឌីន យ៉ាសស៉ីន (Muhyiddin Yassin) បានប្រកាសនៅថ្ងៃពុធនេះថា លោកនឹងស្វែងរកសំលេងទុកចិត្ត នៅក្នុងការបោះឆ្នោតនៅក្នុងសភា នៅខែកញ្ញាខាងមុខនេះ ដើម្បីសម្រេចថា តើលោកពិតជានៅមានសំឡេងគាំទ្រភាគច្រើន នៅក្នុងចំណោមសមាជិកសភាជាន់ទាបរបស់ប្រទេស ដើម្បីឱ្យលោកបន្តកាន់អំណាចទៀតដែរឬទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១។

លោក Muhyiddin បានថ្លែងនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ថា លោកនៅតែទទួលបានការគាំទ្រភាគច្រើនពីសមាជិកសភា និងបានជូនដំណឹងនេះដល់ព្រះមហាក្សត្រម៉ាឡេស៉ីព្រះចៅ ស៊ុលតង់ អាប់ឌុលឡាហ៍ ស៊ុលតង់ អាហ៍ម៉ាត់ ហ្សាហ៍ (Sultan Abdullah Sultan Ahmad Shah) រួចរាល់ហើយដែរ។ លោក Muhyiddin បាននិយាយថា «ការបោះឆ្នោតមួយ ដើម្បីផ្ដល់ទំនុកចិត្តលើខ្ញុំ នឹងត្រូវធ្វើឡើងនៅក្នុងសភាជាន់ទាប នៅពេលសម័យប្រជុំថ្មីចាប់ផ្តើម នៅខែកញ្ញាខាងមុខ»

គួរបញ្ជាក់ថា ការប្រកាសរបស់លោក Muhyiddin កើតឡើងបន្ទាប់ពីលោក អាម៉ាដ ហ្សាហ៉ីដ ហាមីឌី (Ahmad Zahid Hamidi) ប្រធានគណបក្សរួបរួមជាតិម៉ាឡេស៉ី (UMNO) ដែលជាដៃគូមួយក្នុងសម្ព័ន្ធគណបក្ស ពើរីកាតាន ណាសិនណល (Perikatan Nasional ឬ PN) ដែលកំពុងកាន់អំណាច បានប្រកាសដកការគាំទ្រពីលោកនាយករដ្ឋមន្ត្រី។ មកទល់ពេលនេះ លោក Muhyiddin បាននិងកំពុងរក្សាអំណាច ជាមួយសំលេងភាគច្រើនក្នុងស្តួចស្តើចមួយប៉ុណ្ណោះ ហើយការដកខ្លួនការគាំទ្ររបស់បក្ស UMNO អាចធ្វើឲ្យលោក Muhyiddin មានការគាំទ្រមិនគ្រប់គ្រាន់ពីសមាជិកសភាមិន ដើម្បីបន្តតំណែងនាយករដ្ឋមន្រ្តីតទៅមុខទៀត៕