(ប៉េកាំង)៖ ក្រសួងសុខាភិបាលចិននៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន៧១ករណីថែមទៀត ដែលជាករណីឆ្លងក្នុងស្រុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងក្នុងស្រុកថ្មីៗទាំងនោះ មាន៣៥ករណីត្រូវបានរកឃើញនៅខេត្តជាំងស៊ូ (Jiangsu), ១៥ករណីនៅខេត្តហ៊ូណា (Hunan), ៩ករណីនៅខេត្តហ៊ូប៉ី (Hubei), ៦ករណីនៅសានទុង (Shandong), ២ករណីនៅខេត្តយូនណាន (Yunnan), ២ករណីនៅខេត្តហឺណាន (Henan) និង១ករណីនៅខេត្តហ៊្វូជាំង (Fujian)។

គួរបញ្ជាក់ថា ក្រៅពីករណីឆ្លងក្នុងស្រុក ចិនក៏បានប្រកាសពីករណីឆ្លងនាំចូលចំនួន២៥ករណីផងដែរ។ យ៉ាងណាមិញ ពុំមានករណីស្លាប់ដោយសារ COVID-19 ត្រូវបានរាយការណ៍ឡើយ។ មកទល់នឹងពេលនេះ ករណីឆ្លងនៃជំងឺ COVID-19 សុរបនៅទូទាំងប្រទេសចិន បានកើនដល់៩៣,២៨៩ ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦នាក់ និងជាសះស្បើយ៨៧,៤១៣នាក់៕