(ប៉េកាំង)៖ ការប្រកួតកីឡាអូឡាំពិករដូវក្តៅលើកទី ៣២ បានបើកធ្វើនៅក្រុងតូក្យូ រដ្ឋធានីជប៉ុនកាលពីថ្ងៃទី២៣ ខែកក្កដា បច្ចុប្បន្ននេះ ការប្រកួតកីឡាដែលមានទ្រង់ទ្រាយធំជាងគេនៅលើពិភពលោក បាននិងកំពុងដំណើរការយ៉ាងក្តៅគគុក ។

បើប្រៀបធៀបនឹងការប្រកួតកីឡាអូឡាំពិកលើកមុនៗ ព្រឹតិ្តការណ៍ធំក្នុងការប្រកួតកីឡាអូឡាំពិកលើកនេះ ដែលញ៉ាំងឱ្យអ្នកផងចាប់អារម្មណ៍បំផុត គឺលោក Thomas Bach បានលើកសេចក្តីផ្តួចផ្តើមថា ដើម្បីទប់ទល់ឱ្យបានកាន់តែល្អនូវការប្រឈមបន្ទាប់ ពីវិបត្តិជំងឺកូវីដ១៩បានបញ្ចប់ ស្នើឱ្យបន្ថែមពាក្យមួយគឺ “កាន់តែសាមគ្គីគ្នា” ក្នុងពាក្យស្លោកអូឡាំពិក “កាន់តែរហ័ស កាន់តែខ្ពស់និងកាន់តែខ្លាំងក្លា ”។ សេចកី្តផ្តួចផ្តើមនេះទទួលបានការគាំទ្រពី គណៈកម្មាការប្រតិបតិ្ត នៃគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ។ ដូចនេះ ចាប់ពីពេលនេះតទៅ ពាក្យស្លោកអូឡាំពិកបានក្លាយជា “កាន់តែរហ័ស កាន់តែខ្ពស់ កាន់តែខ្លាំងក្លា និងកាន់តែសាមគ្គីគ្នា ”។

តើហេតុអ្វីបានជាពាក្យស្លោកអូឡាំពិក ដែលមានប្រវត្តិសាស្ត្រមួយរយឆ្នាំបានបន្ថែមពាក្យ “កាន់តែសាមគ្គីគ្នា” នៅពេលនេះ ? ក៏ដូចប្រសាសន៍របស់លោក Thomas Bach ដែលបានលើកឡើងថា “សព្វថ្ងៃនេះ ពិភពលោកបានពឹងផ្អែកគ្នាទៅវិញទៅមក អង្គភាពណាមួយមិនអាចដោះស្រាយការប្រឈមដោយឯកឯងនោះឡើយ ”។ បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ បាននិងកំពុងរីករាលដាលនៅទូទាំងពិភពលោក សេដ្ឋកិច្ចសកលមានភាពថមថយចុះ និងតែងតែកើតមានអាកាសធាតុអាក្រក់បំផុត នៅលើពិភពលោក គ្មានប្រទេសណាមួយអាចយកសុខតែខ្លួនឯងនោះទេ ហើយក៏គ្មានសមត្ថភាពអាចទប់ទល់ដោយឯកឯងនោះឡើយ បណ្តាប្រទេសនានានៅលើពិភពលោកចាំបាច់ត្រូវរៀនចេះ “រួមរស់នៅជាមួយគ្នា” និង “កាន់តែសាមគ្គីគ្នា” នេះហើយក៏ជាអត្ថន័យស្នូលដែល គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានបន្ថែមពាក្យ “កាន់តែសាមគ្គីគ្នា” នៅពីក្រោយ “កាន់តែរហ័សកាន់តែខ្ពស់ និងកាន់តែខ្លាំងក្លា” ហ្នឹងឯង។

អាចនិយាយបានថា ទីលានប្រកួតកីឡាអូឡាំពិក ក៏ជាគំរូនៃការប្រកួតប្រជែង និងការអភិវឌ្ឍរបស់សង្គមមនុស្សជាតិផងដែរ។ ក្នុងបរិបទបម្រែបម្រួលដ៏ខ្លាំងក្លា ដែលមិនធ្លាប់មានក្នុងរយៈពេល ១រយឆ្នាំ មនុស្សជាតិកាន់តែត្រូវផ្តួចផ្តើមនូវស្មារតីអូឡាំពិក ពោលគឺ ឆ្នើម មិត្តភាព ការគោរពគ្នា និងសាមគ្គីគ្នាជាងពេលណាៗទាំងអស់ ហើយត្រូវបំបាត់ចោលឧបសគ្គ និងការប៉ះទង្គិចគ្រប់បែបយ៉ាងតាមរយៈសកម្មភាពកីឡា ក៏ដូចជាលើកទឹកចិត្តឱ្យប្រជាជននៅលើពិភពលោក កាន់តែសាមគ្គីគ្នាផងដែរ។

ក្នុងការប្រកួតកីឡាដែលមានទ្រង់ទ្រាយធំជាងគេ នៅលើពិភពលោកលើកនេះ អត្តពលិកចិនបានខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ ដើម្បីដណ្តើមបានមេដាយ ដែលបានបង្ហាញឱ្យឃើញនូវស្មារតីមានជំនឿចិត្តលើខ្លួនឯង ខិតខំប្រឹងប្រែងនិងមិនចេះចុះចាញ់ ហើយក៏បានបង្ហាញពីឆន្ទៈយ៉ាងមុតមាំរបស់អត្តពលិកចិន ស្តីពីការប្រកាន់ខ្ជាប់សុបិនរបស់ខ្លួន រួមសុខរួមទុក្ខ និងសាមគ្គីគ្នាជាធ្លុងមួយតាមរយៈការអនុវត្តជាក់ស្តែង។ នេះហើយក៏ជាកម្លាំងខាងស្មារតីរបស់ប្រជាជនចិន ដែលស្វែងរកឱកាសថ្មីក្នុងវិបតិ្ត និងត្រួសត្រាយសភាពការណ៍ថ្មីក្នុងភាពបម្រែបម្រួលផងដែរ។
ក្នុងការប្រយុទ្ធស្លាប់រស់ជាមួយជំងឺកូវីដ១៩ ប្រជាជនចិនចំនួន ១ពាន់៤រយលាននាក់ បានរួមសុខរួមទុក្ខ និងសាមគ្គីគ្នាជាធ្លុងមួយ ដែលបានបង្កើតជាខ្សែការពារដ៏រឹងមាំ ក្នុងការបង្ការនិងគ្រប់គ្រងជំងឺឆ្លង។ បន្ទាប់ពីការរីករាលដាលនៃជំងឺឆ្លងត្រូវបានគ្រប់គ្រង សេដ្ឋកិច្ចចិនទទួលបានការវិវឌ្ឍរីកចម្រើនដោយនឹងនរ ផលិតកម្មនិងជីវភាពរស់នៅមានភាពប្រក្រតីឡើងវិញជាសន្សឹមៗ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនបានរួមសហការជាមួយបណ្តាប្រទេសនានាលើពិភពលោក ហើយបានរួមចំណែកជាពុទ្ធិចិន និងកម្លាំងចិនក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ជាសកល។ ប្រទេសចិនទទួលបានសមិទ្ធផលដ៏ធំសម្បើម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រប្រយុទ្ធប្រឆាំង នឹងជំងឺរបស់មនុស្សជាតិ។

និយាយចំពោះគណៈប្រតិភូកីឡាចិន និងប្រទេសចិនទាំងមូល ការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូលើកនេះ មិនត្រឹមតែជាទីលានប្រកួតកីឡាប៉ុណ្ណោះទេ ថែមទាំងក៏ជាទីតាំងសម្រាប់ធ្វើបទបង្ហាញផងដែរ។ ដោយសារបន្ទាប់ពីបញ្ចប់ការប្រកួត កីឡាអូឡាំពិកក្រុងតូក្យូមិនដល់កន្លះឆ្នាំ ប្រទេសចិននឹងរៀបចំធ្វើការប្រកួត កីឡាអូឡាំពិករដូវរងារនៅក្រុងប៉េកាំង។ ដូច្នេះ អត្តពលិកចិនបានចាត់ទុកការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូជាឱកាស ក្នុងន័យបញ្ចេញសម្លេងរបស់រដ្ឋាភិបាលចិន ទៅកាន់ពិភពលោក ពោលគឺប្រទេសចិនមានជំនឿចិត្ត និងមានសមត្ថភាពក្នុងការរៀបចំឱ្យបានល្អ នូវការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ដែលប្រកបដោយភាពបៃតង សុវត្ថិភាព និងភាពអស្ចារ្យ។ ពីការប្រកួតកីឡាអូឡាំពិកក្រុងប៉េកាំងកាលពីឆ្នាំ២០០៨ ដល់ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមក កម្លាំងជាតិចម្រុះ និងឥទ្ធពលលើផ្ទៃអន្តរជាតិរបស់ប្រទេសចិន ត្រូវបានលើកកម្ពស់យ៉ាងខ្លាំង។

ទស្សនៈរបស់ប្រទេសចិនក្នុងការរៀបចំធ្វើការប្រកួតកីឡាអូឡាំពិករដូវរងា ជាការបន្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ នៃគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ដែលលើកឡើងដោយប្រទេសចិន និងទស្សនៈស្តីពីការជំរុញការអភិវឌ្ឍបៃតង និងជានិរន្តរភាព។ ក្នុងនាមជាម្ចាស់ផ្ទះ ប្រទេសចិនស្វាគមន៍អត្តពលិក នៃពិភពលោកទាំងមូលទៅកាន់ប្រទេសចិន ដើម្បីបង្ហាញពីភាពអស្ចារ្យរបស់ខ្លួន និងសម្រេចសុបិនរបស់ខ្លួនលើឆាក នៃការប្រកួតកីឡាអូឡាំពិករដូវរងា ក៏ដូចជាដកបទពិសោធន៍ពីការប្រកួតកីឡាអូឡាំពិករដូវរងា ដែលមិនអាចបំភ្លេចបានផងដែរ។

បច្ចុប្បន្ននេះ ពិភពលោកកាន់តែត្រូវការស្មារតីកីឡា និងស្មារតីអូឡាំពិក ដើម្បីលើកទឹកចិត្តឱ្យប្រជាជនសាមគ្គីគ្នា ទប់ទល់នឹងការប្រឈមដោយសកម្ម និងរួមគ្នាត្រួសត្រាយអនាគតកាន់តែល្អបវរ ដូច្នេះការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង នឹងមានអត្ថន័យកាន់តែពិសេសទៀងផង។ ស្មារតីអូឡាំពិកថ្មីដែល “កាន់តែសាមគ្គីគ្នា” នឹងក្លាយជាចង្កៀងបង្ហាញផ្លូវមួយ សម្រាប់ណែនាំប្រជាជនទូទាំងពិភពលោក ឱ្យប្រមូលផ្តុំជាមួយគ្នា ដើម្បីរួមគ្នាទប់ទល់នឹងការលំបាកនិងការប្រឈម និងទទួលស្វាគមន៍អនាគតកាន់តែភ្លឺស្វាង។ ដូចនេះ ពាក្យ“កាន់តែសាមគ្គីគ្នា” កាន់តែមានតម្លៃក្នុងខណៈពេលនេះ៕ (#CCFR Comment#)