(ញូយ៉ក)៖ អភិបាលក្រុងញូយ៉កលោក បៀល ដឺ ប្លាស៉ីយ៉ូ (Bill de Blasio) បានប្រកាសនៅថ្ងៃអង្គារសប្ដាហ៍នេះថា ទីក្រុងញូយ៉កនឹងត្រូវការភស្តុតាង បញ្ជាក់ពីការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់អ្នកដែលចង់ទៅទទួលទានអាហារ នៅខាងក្នុងភោជនីយដ្ឋាន ទៅមើលការសម្តែង ឬទៅហាត់ប្រាណជាដើម ដែលធ្វើឱ្យវាក្លាយជាទីក្រុងដ៏ធំដំបូងគេបង្អស់នៅសហរដ្ឋអាមេរិក ដែលដាក់ចេញនូវវិធានការរឹតត្បិតដ៏តឹងរឹងបែបនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១។

តម្រូវការថ្មីដែលនឹងត្រូវអនុវត្តក្នុងរយៈពេលជាច្រើនសប្តាហ៍នៅខែសីហា និងកញ្ញាខាងមុខនេះ គឺជាជំហានដែលទីក្រុងនេះ ត្រូវធ្វើឡើងដោយបង្ខំ ដើម្បីចាត់វិធានការទប់ស្កាត់ការកើនឡើងនៃករណីឆ្លងជំងឺ COVID-19 ដែលបង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មី Delta។ ប្រជាជននឹងត្រូវបង្ហាញភស្តុតាងបញ្ជាក់ថា ពួកគេបានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ០១ដូសរួចរាល់ហើយ។

លោក De Blasio បាននិយាយថា «វិធីតែមួយគត់ ដែលអ្នកអាចទៅទទួលទានអាហារនៅខាងក្នុងភោជនីយដ្ឋានបាន គឺប្រសិនបើអ្នកបានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ០១ដូសរួចរាល់។ គោលដៅនៃតម្រូវការថ្មីនេះ គឺដើម្បីបញ្ចុះបញ្ចូលអ្នករាល់គ្នាថា នេះគឺជាពេលវេលាសមស្របហើយ។ ប្រសិនបើយើងនឹងបញ្ឈប់ការឆ្លងរីករាលដាលនៃវីរុសបំប្លែងខ្លួនថ្មី Delta នោះពេលវេលាសមស្របបំផុត គឺនាពេលឥឡូវនេះហើយ។ ហើយនោះមានន័យថា អ្នករាល់គ្នា គួរតែចូលរួមចាក់វ៉ាក់សាំងនាពលេឥឡូវនេះ»

លោក De Blasio បាននិយាយបន្ថែមថា ព័ត៌មានលម្អិតមួយចំនួនទៀត នៅតែត្រូវមានការបញ្ជាក់បន្ថែម រួមទាំងច្បាប់ដែលប៉ះពាល់ដល់កុមារអាយុក្រោម ១២ឆ្នាំដែលមិនទាន់មានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងណាមួយ ដែលត្រូវបានអនុម័តឡើយនោះ។

គួរបញ្ជាក់ថា គោលការណ៍ណែនាំខាងលើនេះ នឹងចូលជាធរមាននៅថ្ងៃទី១៦ ខែសីហា ប៉ុន្តែការត្រួតពិនិត្យ និងការអនុវត្ត នឹងមិនចាប់ផ្តើមទេរហូតដល់ថ្ងៃទី១៣ ខែកញ្ញា ជាថ្ងៃដែលសាលារៀនសាធារណៈរបស់ទីក្រុងបើកដំណើរការឡើងវិញ ហើយប័ណ្ណចាក់វ៉ាក់សាំង នឹងត្រូវទទួលយកជាភស្តុតាងបញ្ជាក់ពីការចាក់វ៉ាក់សាំង រួមជាមួយកម្មវិធីលើទូរស័ព្ទដៃរបស់រដ្ឋ និងទីក្រុងផងដែរ៕