(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៨,៤២៩ករណីបន្ថែមទៀត ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់មួយទៀត សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ ៥២ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ៤,១៧១នាក់។

យោងតាមរបាយការណ៍ពីអនុគណៈកម្មការព្យាបាល នៃគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ បានឲ្យដឹងថា នៅថ្ងៃជាមួយគ្នានេះក៏មានអ្នកជំងឺចំនួន ៣៧៦នាក់ទៀត ត្រូវបានប្រកាសថាស្លាប់បាត់បង់ជីវិតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១៧០,១៩០នាក់ ក្នុងនោះជាអ្នកជំងឺសះស្បើយចំនួន ៥០,៨៣១នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ២,០៧១នាក់៕