(ប៉េកាំង)៖ កាលពីថ្ងៃទី ២ ខែសីហា បក្សនយោបាយ អង្គការសង្គម និងធនាគារគំនិតជាង ៣០០ នៃប្រទេសនិងតំបន់ជាង ១០០ លើពិភពលោកបានដាក់ «សេចក្តីថ្លែងការណ៍រួម» ជូនលេខាធិការដ្ឋាននៃអង្គការសុខភាពពិភពលោក (WHO) ដែលគូសបញ្ជាក់ពីការគំរាមកំហែងយ៉ាងខ្លាំងរបស់វីរុសកូវីដ ១៩ ចំពោះសុវត្ថិភាពអាយុជីវិត និងសុខភាពរបស់មនុស្សជាតិ ហេតុនេះសហគមន៍អន្តរជាតិត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។ ដោយឡែក សេចក្តីថ្លែងការណ៍នេះ ក៏បានអំពាវនាវឱ្យអង្គការសុខភាពពិភពលោក ធ្វើការសិក្សាស្រាវជ្រាវស្វែងរកជាសកលនូវប្រភពដើមនៃវីរុសកូវីដ១៩ ដោយសត្យានុម័ត និងយុត្តិធម៌ ប្រឆាំងជាដាច់ខាតចំពោះការធ្វើឱ្យបញ្ហាតាមដានប្រភពដើមនៃវីរុស ក្លាយជារឿងនយោបាយ។

សេចក្តីថ្លែងការណ៍រួមនេះបានសម្គាល់ថា ការតាមដានប្រភពដើម នៃវីរុសជាបញ្ហាវិទ្យាសាស្ត្រយ៉ាងម៉ឺងម៉ាត់ ត្រូវទុកឱ្យអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញវេជ្ជសាស្ត្រលើសកលលោក រួមសហការគ្នាធ្វើការសិក្សាស្រាវជ្រាវ ដោយឈរលើមូលដ្ឋានការពិត និងភស្តុតាងពិតដើម្បីធ្វើសេចក្តីសន្និដ្ឋានតាមបែបវិទ្យាសាស្ត្រ។ សេចក្តីថ្លែងការណ៍រួមនេះបានបញ្ជាក់ថា ផែនការស្តីពីការងារតាមដានប្រភពដើម នៃវីរុសដំណាក់កាលទី ២ ដែលបានលើកឡើងដោយឯកតោភាគី ដោយលេខាធិការដ្ឋាននៃអង្គការសុខភាពពិភពលោក មិនសមស្របនឹងការកំណត់នៃសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតអង្គការសុខភាពពិភពលោកទេ ហើយក៏មិនបានធ្វើការពិភាក្សាយ៉ាងពេញលេញ ជាមួយបណ្តាប្រទេសជាសមាជិកនៃអង្គការសុខភាពពិភពលោក ក៏ដូចជាមិនបានបង្ហាញយ៉ាងពេញលេញនូវសមិទ្ធផលថ្មី នៃការសិក្សាស្រាវជ្រាវប្រភពដើមនៃវីរុសជាសកលផងដែរ ពោលគឺវាមិនអំណោយផលដល់ការណែនាំ ការងារជំរុញកិច្ចសហប្រតិបត្តិការអំពីការតាមដានប្រភពដើម នៃវីរុសជាសកលជាបន្តទៀតនោះទេ។

ដោយឡែក សេចក្តីថ្លែងការណ៍នេះក៏បានសម្តែងការប្រឆាំងជាដាច់ខាត ចំពោះឧបាយកលគ្រប់ទម្រង់ដូចជាការធ្វើនយោបាយធូបនីយកម្ម ការលាបពណ៌ និងការមូលបង្កាច់ ប្រឆាំងជាដាច់ខាតចំពោះសកម្មភាពនយោបាយ ដែលរារាំងដល់ដំណើរតាមដានប្រភពដើមនៃវីរុសជាសកល និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកល៕