(កាប៊ុល)៖ ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន នៅថ្ងៃអង្គារនេះបានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធតាលីបង់ចំនួន ៤១នាក់ត្រូវបានសម្លាប់ និង ៣២នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រយុទ្ធគ្នានៅទីក្រុងហឺរ៉ាត់ (Herat) ភាគខាងលិចនៃប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១។

ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីព្រឹកថ្ងៃអង្គារនេះ កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន បានបន្តការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង ខណៈដែលការប៉ះទង្គិចគ្នានេះ បានឈានចូលដល់ថ្ងៃទី៦ហើយ។ រីឯកងកម្លាំងសន្តិសុខ ក៏បានដណ្តើមយក និងគ្រប់គ្រងសង្កាត់ជាច្រើន និងស្ពានចំនួន០២ នៅក្នុងទីក្រុងភាគខាងលិចនៃប្រទេសនេះដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ក្រុមសកម្មប្រយុទ្ធតាលីបង់ បានបើកការវាយលុកពីភាគខាងត្បូង និងខាងកើតទីក្រុង ដោយព្យាយាមដណ្តើមយកទីក្រុងទាំងមូល។ ការវាយប្រយុទ្ធគ្នានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើងចាប់តាំងពីខែឧសភាមកម្ល៉េះ ហើយក្រុមសកម្មប្រយុទ្ធតាលីបង់ នាពេលថ្មីៗនេះ បាននិងកំពុងដាក់សម្ពាធលើទីក្រុងធំៗរបស់ប្រទេសនេះ៕