(តិចសាស់)៖ ការដំណើរតាមយន្ដហោះនៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងដល់់កម្រិតមួយដ៏ខ្ពស់ អំឡុងការឆ្លងរាតត្បាត COVID-19 ហើយក្រុមអាកាសចរណ៍ជាច្រើន ក៏កំពុងប្រឈមមុខនឹងចំនួនមនុស្សដ៏ច្រើន ដែលនាំគ្នាកក់សំបុត្រធ្វើដំណើរកម្សាន្តរដូវក្ដៅនេះផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១។

បើតាមរដ្ឋបាលសន្តិសុខដឹកជញ្ជូនអាមេរិក បើទោះករណីឆ្លង COVID-19 ប្រចាំថ្ងៃកើនឡើងជាថ្មីដោយសារវីរុសបំប្លែងថ្មី Delta ក៏ដោយ ក៏ការធ្វើដំណើរ តាមយន្ដហោះបានកើនឡើងជាលំដាប់ កាលពីថ្ងៃអាទិត្យ ទី០១ ខែសីហាកន្លងទៅនេះ ដោយមានមនុស្សច្រើនជាង ២.២លាននាក់បានឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ នៅឯអាកាសយានដ្ឋាន។ ពោលគឺចំនួននេះកើនឡើង ១១,០០០នាក់ ធៀបទៅនឹងកាលពីថ្ងៃទី១៨ ខែកក្កដា និងជាចំនួនច្រើនបំផុតចាប់តាំង ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០មក។ តែទោះជាបែបនេះក្ដី ការធ្វើដំណើរតាមយន្ដហោះនៅតែធ្លាក់ចុះ ១៧ភាគរយ ធៀបទៅនឹងពេលមិនទាន់ COVID-19 កាលពីឆ្នាំ២០១៩។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកជាច្រើន បានលុបចោលជើងហោះហើរ ឬពន្យារពេលជើងហោះហើរ ដោយសារមានការកក់ច្រើនពេក។ ក្រុមហ៊ុនអាកាសចរណ៍ American Airlines កាលពីថ្ងៃចន្ទ បានលុបចោលជើងហោះហើរ ៥០០ជើង ឬស្មើនឹង ១៦ភាគរយ។ សម្រាប់រដូវក្តៅ និងរដូវស្លឹកឈើជ្រុះនៅអាមេរិក ដែលត្រូវអូសបន្លាយចាប់ពីពេលនេះរហូតដល់ខែវិច្ឆិកា គឺជាឱកាសនៃការធ្វើដំណើរកម្សាន្តនៅក្នុងស្រុក។ អ្នកជំនាញផ្នែកសុខាភិបាលអាមេរិក ធ្លាប់បានអះអាងថា សហរដ្ឋអាមេរិកនឹងមិនអាចឈានទៅរកការបិទខ្ទប់ជាថ្មីឡើយ បើទោះបីជាករណីឆ្លង COVID-19 កំពុងផ្ទុះឡើងវិញ ជាពិសេសចំពោះមុខវត្តមាននៃវីរុសបំប្លែងថ្មី Delta ក៏ដោយ៕