(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ១៨,៩០១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៨,១៥៨ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៧៤៣ករណីទៀត ត្រូវបានរកឃើញនៅតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៤៧នាក់បន្ថែមទៀតត្រូវបានរាយការណ៍ថា ស្លាប់នៅក្នុងកំលុងពេល ២៤ម៉ោងចុងក្រោយដូចគ្នា។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៦៥២,១៨៥ករណី ក្នុងនោះមានអ្នកស្លាប់ ៥,៣១៥នាក់ និងអ្នកជាសះស្បើយឡើងវិញ ៤៣៧,៨៣១នាក់។ ប្រទេសថៃបច្ចុប្បន្នត្រូវបានគេមើលឃើញថា កំពុងតស៊ូប្រយុទ្ធនឹងការឆ្លងរាតត្បាត COVID-19 យ៉ាងគំហុក ជាពិសេសគឺវីរុសបំប្លែងខ្លួនថ្មី Delta ដែលបាននិងកំពុងធ្វើឲ្យទីក្រុងបាងកក និងខេត្តជុំវិញនោះ មើលឃើញកំណើនអ្នកជំងឺរាប់រយរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ដែលនាំឲ្យវិស័យសុខាភិបាល ទទួលរងសម្ពាធកាន់តែខ្លាំងឡើងៗ៕