(ស៊ីដនី)៖ រដ្ឋាភិបាល នៃប្រទេសអូស្រ្តាលីសម្រេចបញ្ចេញទាហានដើម្បីជួយអនុវត្តវិធានការរឹតត្បិតប្រឆាំងនឹងជំងឺកូវីដ១៩ ដ៏តឹងរ៉ឹងបំផុតនៅក្នុងប្រទេស ខណៈវីរុសបម្លែងខ្លួនថ្មី Delta កំពុងអង្រួនទីក្រុងដ៏ធំផុត នៃប្រទេសមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន VOA នៅយប់ថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១។

កងទ័ពប្រហែល ៣០០នាក់ត្រូវបានបញ្ជូនទៅកាន់ទីក្រុងធំបំផុតរបស់ប្រទេសអូស្រ្តាលី ដើម្បីជួយដល់ប៉ូលីសក្នុងការត្រួតពិនិត្យលើវិធានការចត្តាឡីស័ករបស់អ្នកជំងឺកូវីដ១៩ និងអ្នកដែលពាក់ព័ន្ធ ក៏ដូចជាការបង្កើនសក្តានុពល នៃវិធានការបិទផ្លូវ។

ស្នងការប៉ូលីសលោក Mick Fuller បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលសន្និសីទកាសែតថា កងទ័ពនឹងជួយប៉ូលីសក្នុងការឆែកឆេរពីផ្ទះមួយទៅផ្ទះមួយ ដើម្បីពិនិត្យមើលថាតើមនុស្សដែលឆ្លងជំងឺកូវីដ ដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីគេតាមការណែនាំរបស់ក្រសួងសុខាភិបាលដែរឬទេ។

មន្រ្តីជាន់ខ្ពស់បាននិយាយថា កងទ័បទាំងនោះនឹងមិនត្រូវបានបំពាក់អាវុធ ទេ ហើយក៏គ្មានសិទ្ធិពិសេសអ្វីដែរ ប៉ុន្តែនឹងជួយសម្រួលដល់ប៉ូលីស។ ទោះយ៉ាងណាការមើលឃើញយោធានៅក្នុងតំបន់ពហុវប្បធម៌ នៃទីក្រុងស៊ីដនីបែបនេះ អាចជាទុក្ខព្រួយសម្រាប់ជនភៀសខ្លួន និងជនចំណាកស្រុកមួយចំនួន។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះអូស្ត្រាលីប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ថ្មីៗចំនួន ២០៧ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ជាសរុបប្រទេសមួយនេះមានករណីឆ្លងសរុបប្រមាណ ៣៤,០០០ករណី ក្នុងនោះស្លាប់ ៩២៤នាក់។ ១៩% ប៉ុណ្ណោះ នៃចំនួនប្រជាជនសរុបបានចាក់វ៉ាក់សាំងពេញលេញ៕