(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ី នៅថ្ងៃចន្ទនេះបានប្រកាសរកឃើញអ្នកស្លាប់ថ្មីដោយសារកូវីដ១៩ ថ្មីៗរហូតដល់ ២១៩នាក់ក្នុងមួយថ្ងៃ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១។

នៅថ្ងៃជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Noor Hisham Abdullah ក៏បានប្រកាសថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ១៥,៧៦៤ករណីទៀតត្រូវបានកត់ត្រាផងដែរ ដែលនាំឲ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់ ១,១៤៦,១៨៦ករណី ក្នុងនោះស្លាប់ ៩,៤០៣នាក់ និងជាសះស្បើយ ៩៣៧,៧៣២នាក់៕