(បាងកក)៖ រដ្ឋាភិបាលថៃបានកំណត់គោលដៅដើម្បីឈានដល់អត្រា នៃការចាក់វ៉ាក់សាំងឲ្យបានលើសពី ៥០ភាគរយនៅក្នុងខែសីហានេះ ខណៈប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងដ៏អាក្រក់បំផុតនៃជំងឺកូវីដ១៩ ដែលបង្កឡើងដោយវីរុសបម្លែងខ្លួនថ្មី Delta។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនៅយប់ថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១។

 មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ (CCSA) បានប្រកាសឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួនមានគម្រោងចាក់វ៉ាក់សាំងជូនដល់ប្រជាជនឲ្យបាន ៨០ភាគរយនៅទីក្រុងបាងកក, ៧០ភាគរយនៅខេត្តផ្សេងទៀតដែលត្រូវបានគេចាត់ទុកថាជា «តំបន់ក្រហមចាស់» ដែលជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ និង ៥០ភាគរយនៅតាមបណ្តាខេត្តដែលនៅសល់ ត្រឹមចុងខែសីហានេះ។

គួរជម្រាបថា គិតត្រឹមថ្ងៃអាទិត្យនេះ ប្រទេសថៃសម្រេចបានការចាក់វ៉ាក់សាំងចំនួនជាង ១៧.៨លានដូសជូនប្រជាជននៅទូទាំងប្រទេស ដោយប្រជាជនសរុបប្រមាណ ២០% បានទទួលដូសទីមួយរួចរាល់។

ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ១៧,៩៧០ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលធ្វើឲ្យករណីឆ្លងសរុប នៅទូទាំងប្រទេសកើនដល់ ៦៣៣,២៨៤ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៥,១៦៨នាក់ និងអ្នកជាសះស្បើយវិញ ៤១៩,២៤១នាក់។

ប្រទេសថៃបច្ចុប្បន្នត្រូវបានគេមើលឃើញថា កំពុងតស៊ូប្រយុទ្ធនឹងការឆ្លងរាតត្បាត COVID-19 យ៉ាងគំហុក ជាពិសេសគឺវីរុសបម្លែងថ្មី Delta ដែលបាននិងកំពុងធ្វើឲ្យទីក្រុងបាងកក និងខេត្តជុំវិញនោះ មើលឃើញកំណើនអ្នកជំងឺរាប់រយរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ដែលនាំឲ្យវិស័យសុខាភិបាល ទទួលរងសម្ពាធកាន់តែខ្លាំងឡើងៗ៕