(ចឹងចូវ)៖ អាជ្ញាធរខេត្ត ហឺណាន (Henan) នៃប្រទេសចិន បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនមនុស្សស្លាប់ នៅតែបានបន្តកើនឡើង គឺដល់៣០២នាក់ហើយ ក្រោយគ្រោះទឹកជំនន់ដ៏អាក្រក់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារខេត្តភាគកណ្តាលមួយនេះ កាលពីខែកក្កដា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១។

អាជ្ញាធរខេត្ត Henan បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា ក្នុងចំណោមមនុស្សស្លាប់ខាងលើ ២៩២នាក់ ត្រូវបានរកឃើញនៅក្នុងទីក្រុង ចឹងចូវ (Zhengzhou), ០៧នាក់នៅក្នុងទីក្រុង Xinxiang, ០២នាក់នៅក្នុងទីក្រុង Pingdingshan និងម្នាក់ទៀតនៅក្នុងទីក្រុង Luohe ខណៈមនុស្ស ៥០នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួននៅឡើយ។ ផ្ទៃដីដំណាំរាប់លានហិកតា បានរងការខូចខាត ហើយផ្ទះសម្បែងរាប់សិបម៉ឺនខ្នង ក៏ត្រូវបានរងការបំផ្លិញបំផ្លាញផងដែរ នៅទូទាំងខេត្ត Henan ដែលនាំឱ្យប្រជាជនរាប់លាននាក់ ត្រូវបានជម្លៀសខ្លួនចេញ។

គួរបញ្ជាក់ថា ខណៈនេះ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងកសាងឡើងវិញ នៅតែកំពុងដំណើរការយ៉ាងសស្រាក់សស្រាំ នៅទូទាំងខេត្ត Henan៕