(ប៉េកាំង)៖ ប្រជាជនរាប់លាននាក់ក្នុងទីក្រុងមួយ ត្រូវស្ថិតក្នុងការបិទខ្ទប់ (lockdown) នៅថ្ងៃចន្ទនេះ ខណៈប្រទេសចិនកំពុងព្យាយាមទប់ស្កាត់ការផ្ទុះឡើងនៃជំងឺ COVID-19 ដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនខែមកនេះ ដោយមានការធ្វើតេស្តទ្រង់ទ្រាយធំ និងការហាមឃាត់លើការធ្វើដំណើរ នៅតាមខេត្តក្រុងមួយចំនួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post នៅរសៀលថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១។

ប្រទេសចិននៅថ្ងៃចន្ទនេះ បានរាយការណ៍ពីការឃើញករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ថ្មីៗចំនួន ៥៥ករណី ខណៈការផ្ទុះឡើងនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta បានឆ្លងរីករាលដាលយ៉ាងលឿនទៅដល់ទីក្រុងជាង ២០ និងខេត្តចំនួន ១២ហើយ នៃប្រទេសនេះ។ ជុំវិញបញ្ហានេះ រដ្ឋាភិបាលមូលដ្ឋាននៅក្នុងទីក្រុងធំៗ រួមទាំងទីក្រុងប៉េកាំង នាពេលឥឡូវនេះ ក៏បានដាក់ចេញនូវយុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំ លើប្រជាជនរាប់លាននាក់រួចទៅហើយផងដែរ។

បើតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ ទីក្រុង ស៊ូចូវ (Zhuzhou) នៃខេត្ត ហ៊ូណាន (Hunan) នៅថ្ងៃចន្ទនេះក៏បានចេញបទបញ្ជាថ្មី ដែលតម្រូវឱ្យប្រជាជនប្រមាណ ១.២លានស្នាក់នៅក្នុងផ្ទះ ក្រោមវិធានការបិទខ្ទប់យ៉ាងតឹងរឹងផងដែរ ក្នុងរយៈពេល ០៣ថ្ងៃខាងមុខនេះ ខណៈទីក្រុងនេះចាប់ផ្តើមដាក់ចេញនូវយុទ្ធនាការធ្វើតេស្ត និងចាក់វ៉ាក់សាំងនៅទូទាំងទីក្រុង ដោយរដ្ឋាភិបាលទីក្រុងនេះបានប្រកាសថា «ស្ថានការណ៍នៅតែធ្ងន់ធ្ងរ និងស្មុគស្មាញដដែល»។

សម្រាប់ទីក្រុង វូហាន (Wuhan) នៃខេត្តហ៊ូប៉ី វិញ នៅថ្ងៃចន្ទនេះបានប្រកាសរកឃើញ ករណីឆ្លងជំងឺ COVID-19 ចំនួន ០៧នាក់ ខណៈដែលទីក្រុងនេះ មិនមានករណីឆ្លងសោះតែម្តងអស់រយៈពេល ១ឆ្នាំទៅហើយ។ គិតត្រឹមថ្ងៃចន្ទនេះ ចិន បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៩៣,១០៣ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦នាក់ និងអ្នកជាសះស្បើយ ៨៧,៣៧៦នាក់៕