(ប៉ារីស)៖ ប្រជាជនបារាំងរាប់សែននាក់បាននាំគ្នាធ្វើបាតុកម្មតវ៉ា នៅក្នុងទីក្រុងប៉ារីស និងនៅតាមទីក្រុងជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស ដើម្បីបង្ហាញការប្រឆាំង ជំទាស់របស់ពួកគេទៅនឹងវិធានការរឹតត្បិតទប់ស្កាត់ការឆ្លងរាលដាល COVID-19 ដែលដាក់ចេញដោយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ម៉ាក្រុង។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១។

រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក ហ្សេរ៉ាល់ ដាម៉ាណំាង (Gerald Darmanin) បានឱ្យដឹងថាក្រុមបាតុករបានធ្វើឱ្យប៉ូលិស ៣នាក់រងរបួសនៅក្នុងទីក្រុងប៉ារីស ហើយបាតុករ ១៩នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមាន១០នាក់ត្រូវបានចាប់ខ្លួនក្នុងទីក្រុងប៉ារីស។ នេះគឺជាបាតុកម្មតវ៉ាទ្រង់ទ្រាយធំចុងសប្ដាហ៍ជាលើកទី៣ ប្រឆាំងនឹងវិធានការ រឹតត្បិតទប់ស្កាត់ការឆ្លងរាលដាល COVID-19 ដែលដាក់ចេញដោយរដ្ឋាភិបាលរបស់លោកប្រធានាធិបតីម៉ាក្រុង។ ដោយឡែក បើតាមមន្ត្រីក្រសួងមហាផ្ទៃបារាំងម្នាក់ បាតុករដល់ទៅ ២០៤,០៩០នាក់ បានធ្វើបាតុកម្មតវ៉ានៅទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ក្នុងនោះមាន ១៤,២៥០នាក់នៅទីក្រុងប៉ារីស។ ពោលគឺចំនួន បាតុករមានកើនឡើង ៤០,០០០នាក់ ធៀបទៅនឹងកាលពីចុងសប្ដាហ៍មុន។

គួរបញ្ជាក់ថា រដ្ឋាភិបាលលោក ម៉ាក្រុង កាលពីពេលថ្មីៗនេះ បានដាក់ចេញឡើងវិញនូវរឹតត្បិតទប់ស្កាត់ការឆ្លងរាលដាល COVID-19 ដូចជាការតម្រូវឱ្យប្រជាជនបារាំង គ្រប់រូបមានលិខិតបញ្ជាក់សុខាភិបាល ឬលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំង, លទ្ធផលតេស្ដអវិជ្ជមានក្នុងការធ្វើការធ្វើតេស្តភ្លាមៗ, មានលិខិតបញ្ជាក់ពីការជាសះស្បើយ
ពី COVID-19 មុននឹងត្រូវបានអនុញ្ញាឱ្យចូលទៅកាន់កន្លែងសាធារណៈនានា ឬភោជនីយដ្ឋានជាដើម។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលលោក ម៉ាក្រុង ក៏បានដាក់កាតព្វកិច្ច ចាក់វ៉ាក់សាំងសម្រាប់បុគ្គលិកសុខាភិបាលបារាំងគ្រប់រូបផងដែរ៕