(បាងកក)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃ ទើបតែបានរាយការណ៍ពីចំនួនអ្នកឆ្លងជំងឺ COVID-19 ថ្មីៗសរុប ១១,៣០៥នាក់ ដែលត្រូវបានរកឃើញក្នុងកំលុងពេល ២៤ម៉ោងមុន ខណៈអ្នកជំងឺ ៨០នាក់ទៀតបានបាត់បងជីវិត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation នារសៀលថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។

តួលេខខាងលើនេះគឺជាអត្រាឆ្លង COVID-19 ប្រចាំថ្ងៃក្នុងកម្រិតខ្ពស់ និងជាការហក់ឡើងដល់ខ្ទង់ម៉ឺនករណី ក្នុងរយៈពេល ០៧ថ្ងៃជាប់ៗគ្នាមកហើយ ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ៤២៦,៤៧៥នាក់ ក្នុងនោះអ្នកស្លាប់សរុបមាន ៣,៥០២នាក់ និងជាសះស្បើយវិញជិត ២៩៦,២០៨នាក់។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 ថៃសម្រេចបាន ១៤.២លានដូស ក្នុងនោះប្រជាជនចំនួន ៣.៤៤លាននាក់ (៤.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ។

គួរបញ្ជាក់ថា ខេត្តមួយចំនួននៃប្រទេសថៃ ក្រៅពីទីក្រុងបាងកកដូចជា ឈុនបុរី អយុធ្យា និងឆាឆឹងសៅជាដើម ការរឹតត្បិតភាគច្រើនកំពុងត្រូវបានអនុវត្ត ក្នុងនោះមានដូចជា ការបិទផ្សារទំនើបចាប់ពីម៉ោង ៩៖០០នាទីយប់ ដល់ម៉ោង ៤៖០០នាទីទាបភ្លឺជាដើម។ ដោយឡែកការហាមប្រាមជួបជុំគ្នា ត្រូវបានដាក់ឲ្យអនុវត្តនៅទូទាំងប្រទេស ហើយអ្នកដែលល្មើសនឹងបម្រាមនេះ នឹងត្រូវពិន័យជាប្រាក់ ៤០,០០០បាត ឬស្មើនឹងជាង ១,២០០ដុល្លារសហរដ្ឋអាមេរិក៕