(កាប៊ុល)៖ គ្រាប់រ៉ុក្កែតមួយចំនួនត្រូវបានបាញ់នៅថ្ងៃអង្គារនេះ ដោយសំដៅទៅកាន់វិមានប្រធានាធិបតីអាហ្វហ្គានីស្ថាន ស្ថិតនៅក្នុងរដ្ឋធានីកាប៊ុល ប៉ុន្តែវាមិនបានត្រូវចំគោលដៅ ដូចការគ្រោងទុកនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។

អាជ្ញាធរអាហ្វហ្គានីស្ថាននៅមិនទាន់អាចបញ្ជាក់ អំពីចំនួនជនរងគ្រោះនៅឡើយទេ ប៉ុន្តែមានសាក្សីបានឮសំឡេងផ្ទុះ នៅក្បែរវិមានប្រធានាធិបតីអាហ្វហ្គានីស្ថាន។ មន្ត្រីក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ស៊ីនហួរថា «រ៉ុក្កែតចំនួន ០៣គ្រាប់ ត្រូវបានបាញ់ចេញពីរថយន្តមួយគ្រឿង ដែលចតចោលនៅក្នុងសង្កាត់ ផាវ៉ាន អ៊ី ហ្សាហ៍ (Parwan-e-Sah) ត្រង់់ចំណុច PD 4 ហើយបានវាយប្រហារចំទីតាំង PD 1 និង PD 2 ដែលស្ថិតនៅក្បែរៗវិមានប្រធានាធិបតីតែម្តង»

មន្ត្រីខាងលើនេះបានបន្តទៀតថា ការវាយប្រហារបានកើតមានឡើង កាលពីវេលាម៉ោង ៨៖០០នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងកាប៊ុល) នៅចំពេលដែលប្រធានាធិបតីអាហ្វហ្គានីស្ថានលោក អាស្រាហ្វ ហ្គានី (Ashraf Ghani) និងមន្ត្រីសំខាន់ៗឯទៀត កំពុងចូលរួមពិធីបុណ្យសាសនា នៅទីធ្លាខាងក្នុងវិមានប្រធានាធិបតី។

គួរបញ្ជាក់ថា មិនទាន់មានក្រុមណាមួយ ចេញមុខទទួលខុសត្រូវ ចំពោះការវាយប្រហារខាងលើនេះនៅឡើយទេ ប៉ុន្តែបើតាមគេដឹងកន្លងមក ការវាយប្រហាររបៀបៗនេះ ច្រើនតែជាទង្វើរបស់ក្រុមតាលីបង់៕