(ប្រេតូរីយ៉ា)៖ រដ្ឋាភិបាលអាហ្រ្វិកខាងត្បូង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រកាសពីផែនការដាក់ពង្រាយកងទ័ព ២៥,០០០នាក់ ដើម្បីទប់ស្កាត់ភាពចលាចល, ការប្លន់ហាងទំនិញ និងអំពើហិង្សា នៅក្នុងបាតុកម្មតវ៉ា ដែលកំពុងរីករាលដាលកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១។

បើតាមប៉ូលិសអាហ្វ្រិកខាងត្បូង មនុស្សយ៉ាងហោច ១១៧នាក់បានស្លាប់ និងជាង ៣,០០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងបាតុកម្មតវ៉ា ដែលបានផ្ទុះឡើងកាលពីសប្ដាហ៍មុនមក បន្ទាប់ពីអតីតប្រធានាធិបតី លោក ចាខូប ហ្ស៊ូម៉ា (Jacob Zuma) ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ។ នៅក្នុងភាពចលាចល ក្រុមជនឆ្លៀតឱកាសបានចូលប្លន់ និងលួចនៅតាមហាងទំនិញជាច្រើន ហើយសកម្មភាពបែបនេះ បាននិងកំពុងបង្ខំឱ្យម្ចាស់ហាងទំនិញនានា ចាប់ផ្ដើមកាន់អាវុធគ្រប់ដៃដើម្បីការពារខ្លួន និងទ្រព្យសម្បត្តិរបស់ពួកគេ។

គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ សកម្មភាពប្លន់ និងលួចច្រើនជាង ២០០លើកបានកើតឡើង ហើយរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង ក៏បានដាក់ពង្រាយកងទ័ព ៥,០០០នាក់ រួចមកហើយដែរ។ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិលោកស្រី នូស៊ីវីវែ ម៉ាភីសា កាគូឡា (Nosiviwe Mapisa-Nqakula) បានអះអាងថា លោកស្រីបានស្នើសុំការដាក់ពង្រាយកងទ័ព ២៥,០០០នាក់ទៅកាន់ខេត្តចំនួនពីរ ដែលកំពុងប្រឈមមុខនឹងភាពចលាចលធ្ងន់ធ្ងរ នោះគឺខេត្ត ក្វាហស៊ូលូ-ណាតាល់ (KwaZulu-Natal) និងខេត្ត ហ្គោតេង (Gauteng)។

គួរបញ្ជាក់ថា បាតុកម្មតវ៉ា និងអំពើហិង្សាបានផ្ទុះឡើងតាំងពីសប្ដាហ៍មុនម្ល៉េះ បន្ទាប់ពីអតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Jacob Zuma បានស្ម័គ្រចិត្តប្រគល់ខ្លួនឱ្យប៉ូលិស ដើម្បីអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ១៥ខែ ពីបទមិនស្ដាប់បង្គាប់តុលាការជុំវិញការស៊ើបអង្កេតពីបទពុករលួយ។ ក្រុមបាតុករគាំទ្រលោក Zuma បានខឹងសម្បារយ៉ាងខ្លាំង ចំពោះបញ្ជូនរូបលោកទៅពន្ធនាគារ ហើយពួកគេបានបិទផ្លូវ និងធ្វើបាតុកម្មតវ៉ាទាមទារឱ្យដោះលែងលោក Zuma ជាបន្ទាន់៕