(មែលប៊ន)៖ អាជ្ញាធររដ្ឋវិចតូរៀ (Victoria) នៃប្រទេសអូស្រ្តាលីបានប្រកាសនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១នេះថា ទីក្រុងមែលប៊ន (Melbourne) និងតំបន់ជុំវិញនោះនឹងវិលត្រលប់ទៅរកការបិទខ្ទប់វិញជាលើកទី៥ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta (វីរុសបម្លែងខ្លួនថ្មីមានប្រភពដើមមកពីប្រទេសឥណ្ឌា) ដែលកំពុងឆ្លងកាន់តែខ្លាំងឡើងនៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។

ប្រធានរដ្ឋបាលនៃរដ្ឋ Victoria លោក Dan Andrews បានគូសបញ្ជាក់ថា ទីក្រុង Melbourne និងតំបន់ជុំវិញនោះ នឹងចូលរួមជាមួយទីក្រុងស៊ីដនី (Sydney) ទៅក្នុងការបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលបានឆ្លងដល់មនុស្សជិត ១,០០០នាក់ហើយនៅទូទាំងប្រទេសអូស្រ្តាលី ក្នុងរយៈពេលមួយខែកន្លងមកនេះ។ ការបិទខ្ទប់នេះនឹងនាំប្រជាជនអូស្រ្តាលីប្រមាណ ១២លាននាក់ឱ្យស្ថិតនៅក្រោមបទបញ្ជាស្នាក់នៅក្នុងផ្ទះ។

លោក Dan Andrews បានលើកឡើងថា «លោកបានសម្រេចចិត្តដាក់ទីក្រុង Melbourne ចូលទៅក្នុងការបិទខ្ទប់ជាលើកទី៥ ដោយ «ក្ដីឈឺចាប់បំផុត» ប៉ុន្តែវាគឺជា «ភាពចាំបាច់បំផុត» ដូចគ្នាដែលយើងត្រូវធ្វើ»

លោក Dan Andrews បានលើកឡើងបន្ថែមថា «ត្រឹមតែករណីឆ្លងចំនួន១៨ករណីប៉ុណ្ណោះនៅក្នុងរដ្ឋ Victoria ប៉ុន្តែវាបានជំរុញឱ្យមានទំនាក់ទំនងរាប់ពាន់នាក់ដែល ឥឡូវនេះយើងត្រូវការតាមដានរកអ្នកដែលជាប់ទាក់ទងជិតស្និតជាមួយករណីឆ្លងទាំងនោះដើម្បីធ្វើតេស្ត។ យើងត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងឱ្យលឿនបំផុត ព្រោះយើងមានឱកាសតែមួយប៉ុណ្ណោះ»

គួរបញ្ជាក់ថា អូស្រ្តាលី កំពុងប្រយុទ្ធប្រឆាំងដើម្បីទប់ស្កាត់ការផ្ទុះឡើងនូវវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំងនៅក្នុងទីក្រុងដ៏ធំ បំផុតរបស់ខ្លួនគឺទីក្រុងស៊ីដនីជាមួយករណីឆ្លងជិត ៩០០ករណី។ វីរុសនេះបានឆ្លងដែនទៅកាន់រដ្ឋ Victoria និងរដ្ឋអូស្រ្តាលីខាងត្បូង (South Australia) បន្ទាប់ពីក្រុមអ្នករកស៊ីគ្រឿងសង្ហារិមដែលបានឆ្លងវីរុសនេះនៅក្នុងទីក្រុងស៊ីដនី បានធ្វើដំណើរទៅកាន់រដ្ឋទាំងពីរ៕