(អូតាវ៉ា)៖ ផ្នូរខ្មោចគ្មានសញ្ញាសម្គាល់ជាង ១៦០កន្លែងទៀត ត្រូវបានរកឃើញក្បែរទីតាំងមួយ ដែលជាអតីតកន្លែងអប់រំក្មេងៗជនជាតិដើមភាគតិចក្នុងខេត្ត ប្រ៊ីតធីស ខូឡុំបៀ (British Columbia) នៃប្រទេសកាណាដា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១។

វាគឺជាការរកឃើញលើកទី ៤ហើយ នូវផ្នូរខ្មោចពុំមានសញ្ញាសម្គាល់រាប់រយបែបនេះ នៅក្បែរទីតាំងជាអតីតសាលារៀនជនជាតិដើមភាគតិច ក្នុងប្រទេសកាណាដា។ កាលពីថ្ងៃទី៣០ ខែមិថុនា ផ្នូរគ្មានសញ្ញាសម្គាល់របស់មនុស្ស ១៨២នាក់ ត្រូវបានរកឃើញនៅជាយក្រុង ក្រេនប្រ៊ូក (Cranbrook) ក្នុងខេត្ត British Columbia។ ចំណែកកាលពីថ្ងៃទី២៤ ខែមិថុនា ផ្នូរខ្មោចដល់ទៅ ៧៥១កន្លែង ត្រូវបានរកឃើញនៅខេត្ត សាស្កាតឆេវ៉ាន (Saskatchewan) ខណៈកាលពីថ្ងៃទី២៨ ខែឧសភា អដ្ឋិធាតុក្មេងជនជាតិដើមចំនួន ២១៥នាក់ ត្រូវបានរកឃើញនៅក្នុងខេត្ត British Columbia។

គួរបញ្ជាក់ថា ក្មេងៗជនជាតិដើមប្រហែល ១៥០,០០០នាក់ នៅទូទាំងប្រទេសកាណាដា ត្រូវគេចាប់ពង្រាត់ចេញគ្រួសារ ហើយបង្ខំឲ្យចូលរៀននៅតាមសាលាអប់រំដូចខាងលើ កាលពីចន្លោះទសវត្សរ៍ឆ្នាំ១៨៩០-១៩៩៦។ ការរកឃើញកន្លងមកនេះ បាននាំឲ្យមានការរិះគន់ និងថ្កោសយ៉ាងខ្លាំងពីសំណាក់ជនជាតិកាណាដាផ្ទាល់ អំពីរឿងរ៉ាវដែលបានកើតឡើងកាលពីអតីតកាល៕