(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ CCSA នៅថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨,៦៨៥ករណីបន្ថែម ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។

CCSA បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៨,៥៣៩ករណីត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ ខណៈ ១៤៦ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ៥៦នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ខណៈអ្នកជាសះស្បើយចំនួន ៣,៧៩៧នាក់ទៀតទើបតែត្រូវបានអនុញ្ញាត ឱ្យចាកចេញពីមន្ទីរពេទ្យ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃ បានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេស ៣៥៣,៧១២ករណី ក្នុងនោះមានអ្នកស្លាប់ ២,៨៤៧នាក់ និងអ្នកជាសះស្បើយ ២៥៥,៤៥៥នាក់។ ចាប់ពីថ្ងៃចន្ទនេះតទៅ ទីក្រុងបាងកកព្រមទាំងខេត្តនៅក្បែរខាងចំនួន ០៥ រួមទាំងខេត្តនៅតំបន់ភាគខាងត្បូងចំនួន ០៤ទៀត គឺត្រូវស្ថិតក្រោមវិធានការបិទខ្ទប់ (lockdown) ប្រឆាំងនឹងជំងឺ COVID-19៕