(ប៉េកាំង)៖ ជើងហោះហើររាប់រយត្រូវលុបចោល រីឯសាលារៀននិងកន្លែងទេសចរណ៍ទាំងឡាយ ត្រូវបិទទ្វារ នៅទីក្រុងប៉េកាំង ដោយសារតែ ការធ្លាក់ភ្លៀងនិងខ្យល់បក់បោកយ៉ាងខ្លាំងក្លា នៅថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១។

អាជ្ញាធរទីក្រុងប៉េកាំង បានចេញសេចក្តីព្រមាន ឲ្យប្រជាជនស្ថិតក្នុងផ្ទះ ខណៈរដ្ឋធានីចិន កំពុងប្រឈមនឹងព្យុះភ្លៀងធំបំផុត ក្នុងឆ្នាំ២០២១នេះ។ ជើងហោះហើរប្រហែល៧០០ជើង ត្រូវបានលុបចោល នៅអាកាសយានដ្ឋានចំនួន២កន្លែង របស់ទីក្រុងប៉េកាំង ខណៈសាលារៀន ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់វិទ្យាល័យ ត្រូវបានបិទទ្វារ នៅថ្ងៃចន្ទនេះ។ មិនតែប៉ុណ្ណោះ កន្លែងទេសចរណ៍ល្បីៗនៅក្នុងទីក្រុង ក៏ត្រូវបានផ្អាកដំណើរការផងដែរ។ ជាមួយគ្នានេះ អាជ្ញាធរឧតុនិយមចិន បានព្រមានពីការជន់លិចនៅតាមទន្លេចំនួន១៤ ទៀតផង។

គួរបញ្ជាក់ថា កំលុងរដូវភ្លៀងនៅប្រទេសចិន ជារឿយៗតែងមានការជន់លិច ដោយកាលពីខែសីហា ឆ្នាំ២០២០ ផ្លូវជាច្រើនខ្សែត្រូវបានទឹកជន់ហូរកាត់ផ្តាច់ ហើយមនុស្សរាប់ម៉ឺននាក់ ត្រូវបង្ខំឲ្យភៀសខ្លួនចេញពីលំនៅឋាន៕