(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិននៅថ្ងៃអាទិត្យនេះ បានចេញសេចក្តីថ្លែងការណ៍ថា ទីក្រុងប៉េកាំងជំទាស់ទាំងស្រុង ចំពោះការដែលសហរដ្ឋអាមេរិក កត់ឈ្មោះក្រុមហ៊ុនចិនចំនួន២៣ ចូលក្នុងបញ្ជីខ្មៅរបស់ខ្លួន ហើយនឹងរៀបចំការឆ្លើយតបទៅវិញ ដែលសមស្របផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១។

ក្រសួងពាណិជ្ជកម្មចិនបានលើកឡើង ក្នុងសេចក្តីថ្លែងការណ៍ខាងលើដូច្នេះថា «នេះគឺជាការដាក់សម្ពាធមិនសមហេតុផល ប្រឆាំងនឹងក្រុមហ៊ុនចិន ព្រមទាំងជាការបំពានធ្ងន់ធ្ងរ ចំពោះក្បួនច្បាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ ដូច្នេះហើយប្រទេសចិន ជំទាស់ដាច់ខាតចំពោះទង្វើបែបនេះ»

ក្រសួងពាណិជ្ជកម្មចិន ក៏បានទាមទារឲ្យទីក្រុងវ៉ាស៉ីនតោន ផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួនវិញ ហើយបានព្រមានថា បើពុំដូច្នោះទេ ទីក្រុងប៉េកាំងនឹងចាត់វិធានការឆ្លើយតប ដែលចាំបាច់ ដើម្បីការពារសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ចិន។

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ ក្រសួងពាណិជ្ជកម្មអាមេរិក បានប្រកាសពីការកត់ឈ្មោះអង្គភាពបរទេស សរុបចំនួន៣៤ ក្នុងនោះរួមមានក្រុមហ៊ុនចំនួន២៣ មកពីប្រទេសចិន ក្រោមការចោទប្រកាន់ថា ក្រុមហ៊ុនទាំងនេះមានជាប់ព័ន្ធទៅនឹង អ្វីដែលទីក្រុងវ៉ាស៉ីនតោន អះអាងថា ជាការរំលោភបំពានសិទ្ធិមនុស្ស នៅតំបន់ស៉ីនជាំងរបស់ប្រទេសចិន៕