(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៦,៤២៩នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៤៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៦៤៣,៩០២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦២១,៨៧៣នាក់ និងជាសះស្បើយឡើងសរុប ២៩.១៧លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅក្នុងសប្ដាហ៍នេះ បានលើកទឹកចិត្តដល់ប្រជាជនអាមេរិក ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឱ្យទៅទទួលការចាក់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីការពារពួកគេពីការឆ្លងជំងឺនេះ ក៏ដូចជាវីរុស COVID-19 បម្លែងខ្លួនថ្មី Delta (មានប្រភពដើមពីឥណ្ឌា) ដែលមានសមត្ថភាពចម្លង រហ័សជាងវីរុសបម្លែងខ្លួនថ្មីនានា នៅពេលបច្ចុប្បន្ននេះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៣១លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៨២.៧១លាននាក់ (៥៥.៧%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៥៧.៦៣លាននាក់ (៤៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕